ក្រុម​បាល់ទាត់ Happy Valley AA ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​នៃ​កោះ​ហុងកុង Hong Kong Premier League ចំនួន​៦សម័យ​កាល​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ពានរង្វាន់​មួយ​នេះ​នៅ​រដូវកាល​ឆ្នាំ​២០២១-២២។

បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​ថា៖«ក្រោយ​ពី​បាន​ធ្វើ​ការ​ប្រជុំ​ពិនិត្យ គណៈ​គ្រប់គ្រងHappy Valley FC សម្រេច​មិន​​បន្ត​ការ​ចូលរួម​ប្រកួត​លីគ​កំពូល​ហុងកុង​ឆ្នាំ​ ២០២១-២២។ ជាការសោកស្តាយបំផុត​ ដែល​យើង​មិន​អាច​បន្ត​ចូលរួម​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​លីគ​កំពូល​នេះ​បាន។ ក្លិប​សូមថ្លែងអំណរ​គុណ​ចំពោះ​អ្នក​ឧបត្ថម្ភ​ អ្នកគាំទ្រ ដែល​តែង​មក​គាំទ្រ​ដល់​ទីលាន​ប្រកួត​របស់ Happy Valley Fcនាពេល​កន្លង​មក​នេះ»។ ក្លិប​មិន​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​ខ្លួន​នេះ​នោះ​ទេ។

ក្រុម Happy Valley AA ប្រើប្រាស់​កីឡដ្ឋាន Sham Shui Po Sports Ground ជា​ទឹកដី​របស់​ខ្លួន ហើយ​ក្រៅ​ពី​ធ្លាប់​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ហុងកុង ៦សម័យកាល​ក្រុម​នេះ​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​រហូត​ដល់​១៦លើក​ផង​ដែរ។ ក្រុម​នេះ​ធ្លាប់​តំណាង​ឱ្យ​ហុងកុង ចូលរួម​ប្រកួត​ជើង​ឯក​កម្រិត​ទ្វីប​ដូចជា Asian Cup Winners’ Cup ឆ្នាំ​១៩៩៨-៩៩ និង​២០០០-២០០១, ពានរង្វាន់ Asian Club Championship ឆ្នាំ​២០០០, ២០០២ និង​ពានរង្វាន់ AFC Cup ឆ្នាំ​២០០៥, ២០០៦ និង​២០០៧ ផង​ដែរ។

បច្ចុប្បន្ន​ក្រុម​ដែល​បង្កើត​ឡើង​ពី​ឆ្នាំ​១៩៥០ មួយ​នេះ​មាន​ក្រុម​យុវជន​ថ្នាល​ឈុត U-13, U-15, U-18 និង​ឈុតធំ ព្រម​ទាំង​ក្រុម​បាល់ទាត់​នារី ថែម​ទៀត៕

Telegram-Troryorng
Share.