ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ ដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើលោកមួយនេះ នឹងត្រូវទទួលរៀបចំការប្រកួតកីឡា៣ប្រភេទរួមមានកីឡាទូកក្ដោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាប្រណាំងម៉ូតូទឹក។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គ្រប់ការរៀបចំគឺបានត្រៀមរួចរាល់អស់ហើយទាំងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់ ដ្បិតកន្លងមកខេត្តព្រះសីហនុ ធ្លាប់ទទួលរៀបចំការប្រកួតកីឡាទាំង ៣ប្រភេទរួចមកហើយ។ ទោះបីជាយ៉ាងណាឯកឧត្តមមានការព្រួយបារម្ភខ្លះៗជុំវិញអាកាសធាតុ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា៖«ពិតប្រាកដណាស់ ក្រោមការសម្រេចចិត្តរបស់ CAMSOC និងការចាត់ចែងនាពេលកន្លងមក ខេត្តព្រះសីហនុ ក៏ទទួលបានឱកាសក្នុងការធ្វើជាម្ចាស់ផ្ទះ ៣ប្រភេទកីឡា។ ទី១ គឺម៉ូតូទឹក ទី២ ទូកក្ដោង ហើយទី៣ គឺបាល់ទះឆ្នេរខ្សាច់។ ពិតហើយថា ប្រភេទកីឡាទាំងនេះ ក៏ពាក់ព័ន្ធនឹងសក្ដានុពលខេត្តរបស់យើង គឺមានឆ្នេរ មានខ្សាច់ ដែលជាការអំណោយផលដល់ក្រុមអត្តពលិកដើម្បីធ្វើការប្រកួត»។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ «ទាក់ទងនឹងការរៀបចំ ពិតហើយដោយសារយើងមិនធ្លាប់មានបទពិសោធខ្លួនឯងក្នុងការចាត់ចែង ក៏ប៉ុន្តែកាលពីចុងឆ្នាំ២០២១ ដើមឆ្នាំ២០២២ គឺយើងធ្លាប់បានសាកល្បងបែបអន្តរជាតិខ្នាតតូច។ យើងក៏បានដកបទពិសោធអំពីការប្រកួតកីឡាប្រណាំងទូកក្ដោង និងការប្រណាំងម៉ូតូទឹក មានបទពិសោធម្ដងរួចទៅហើយ អីចឹងអាចថាសម្រាប់ការរៀបចំនៅពេលខាងមុខនេះ ទាំងក្រុមការងារបច្ចេកទេស ក៏ដូចជាក្នុងនាមអាជ្ញាធរមូលដ្ឋានលើការងារសណ្ដាប់ធ្នាប់ សន្តិសុខ ឬក៏ទីលានប្រកួតនេះ ខ្ញុំគិតថា នឹងមិនមានការលំបាកអីទេ ដោយសារ យើងធ្លាប់មានបទពិសោធ និងផ្ដល់កិច្ចសហការនេះបានល្អ។ ការបារម្ភតែម៉្យាងទេគឺអាកាសធាតុ ពីព្រោះធ្លាប់ជួបប្រទះបញ្ហាអាកាសធាតុនេះក្នុងពេលរៀបចំ»។

ការប្រកួតបាល់ទះវិញ ទីលានប្រកួតកីឡានៅលើឆ្នេរខ្សាច់ ដែលមានទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅ (ជិតដើមឈើចាំស្នេហ៍) ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានធ្វើការកែលម្អផងដែរ ដើម្បីឱ្យកាន់តែមានភាពសមស្រប ជាពិសេសលើលក្ខខណ្ឌសុវត្ថិភាពរបស់អត្តពលិកដែលចូលរួម។

ឯកឧត្តម គួច ចំរើន បន្តថា ៖«មួយទៀតទាក់ទងនឹងកីឡាបាល់ទះលើឆ្នេរខ្សាច់ ដោយសារតែពិតហើយយើងមានឆ្នេរខ្សាច់ ប៉ុន្តែឆ្នេរខ្សាច់របស់យើងវាគឺឆ្នេរបែបធម្មជាតិ ដែលកន្លងមកក៏យើងមិនធ្លាប់បានរៀបចំដើម្បីឱ្យវាក្លាយទៅជាទីលានសម្រាប់ការប្រកួតបាល់ទះ។ ថ្មីៗនេះខ្ញុំបានទទួលការដឹកនាំជាបច្ចេកទេសពីគណៈកម្មការ យើងខ្ញុំក៏បានធ្វើការចាត់ចែង ដើម្បីរៀបចំឱ្យសមស្របតាមទីលាន សម្រាប់ការប្រកួតត្រូវតាមស្ដង់ដា»។

ឯកឧត្តមបន្ថែមថា ជាការពិត ឆ្នេរខ្សាច់របស់កម្ពុជាស្រស់ស្អាតបែបធម្មជាតិ ប៉ុន្តែដោយយោងលើលក្ខខណ្ឌនៃការប្រើប្រាស់បែបធម្មជាតិបែបនេះ ក្នុងរយៈពេលយូរឆ្នាំអាចនឹងបន្សល់ទុកនូវរុក្ខជាតិ ឬវត្ថុដែលអាចបណ្ដាលឱ្យប៉ះពាល់ដូចជារបស់មុតស្រួច ដូច្នេះត្រូវធ្វើការជីកខ្សាច់ចូលជម្រៅ ៤សង់ទីម៉ែត្រ និងធ្វើការរែងខ្សាច់ជាថ្មី ដើម្បីឱ្យកាន់តែមានសុវត្ថិភាពដល់អត្តពលិក។ មកទល់ពេកនេះការងារបានសម្រេចបញ្ចប់ និងបន្តការថែទាំ ដើម្បីត្រៀមសម្រាប់ការប្រកួតដែលនឹងមកដល់ឆាប់ៗនេះ។

តាមកាលវិភាគប្រកួតនៅក្នុងខេត្តព្រះសីហនុ កីឡាទូកក្ដោង នឹងចាប់ផ្ដើមប្រកួតមុនគេពោលគឺនៅថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា បន្ទាប់មកកីឡាបាល់ទះលើឆ្នេរខ្សាច់ ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា និងកីឡាម៉ូតូទឹក ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

ប្រភព៖ Camsoc

Share.