សិល្បៈជាតិ៖ ព្រឹត្តិការណ៍ «ចូលឆ្នាំបន្ទាយឆ្មារ » បានធ្វើឡើងនៅលើទឹកដីនៃប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣នេះ។

ដើម្បីញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ និងកៀងគរអ្នកចូលរួមឲ្យកាន់តែច្រើនគគ្រឹកគគ្រេងទៀតនោះ ចូលឆ្នាំបន្ទាយឆ្មារ មានស្តង់តាំងពិព័រណ៍ផលិតផល ភូមិមួយផលិតផលមួយ និងផលិតផលទំនិញជាច្រើនមុខទៀតសម្បូរបែប ដែលមានចំនួនប្រមាណ ១៦០ ស្តង់។ ស្ដង់នីមួយៗមានមុខទំនិញដូចជា សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ អាហារ ទឹកផ្លែឈើ ដូងក្រអូប អាហារច្នៃ សូត្រខ្មែរ ​ប្រេងល្មើ និងការហ្វេធម្មជាតិ ជាដើម។

គេអាចនិយាយបានថា នេះគឺជាឆ្នាំដំបូងហើយដែលកម្មវិធី ចូលឆ្នាំបន្ទាយឆ្មារ បានប្រារព្ធធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងឆ្នាំរាល់ដងក្រោមពាក្យស្លោកដ៏មានអត្ថន័យថា «ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព»។

សូមអញ្ជើញចូលររួមមកដើរទស្សនាមុខទំនិញល្អៗ និងមានគុណភាពនៅតាមស្ដង់នីមួយដែលបានតាំងបង្ហាញ ហើយក្រៅពីនោះ លោកអ្នកក៏អាចចូលរួមកម្សាន្តនៅតំបន់ត្រជាក់ចិត្តដែលនៅក្បែរកន្លែងតាំងពិព័រណ៍តែម្ដង ព្រមទាំងទទួលបានទឹកពិសារបរិសុទ្ធត្រជាក់ៗដោយឥតគិតថ្លៃថែមទៀតផង។

តោះដើម្បីកុំឲ្យខកខានចូលរួមកម្មវិធីដ៏អស្ចារ្យនេះ សូមកុំភ្លេចមកលេងចូលឆ្នាំបន្ទាយឆ្មារទាំងអស់គ្នា។

រូបភាព៖ ថូវ៉ាន

Share.