សិល្បៈជាតិ៖ មនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នាទស្សនាការសម្ដែងល្ខោនខោល រឿង «រាមកេរ្តិ៍» នៅមុខខ្លោង​ទ្វារ​ចូលប្រាសាទបន្ទាយឆ្មារ ដែលការសម្ដែងដ៏ល្អឥតខ្ចោះនៅលើក្ដាបែន និងផ្ទាំងស្គ្រីនធំពីរ នៅអមសងខាង រួមនឹងសំឡេងច្បាស់ អ្នកចូលរួមហាក់ស្លុងអារម្មណ៍ នៅក្នុងការសម្ដែងដែរ។

នៅក្នុងព្រឹត្តិការការសម្ដែងល្ខោនខោល រឿងរាមកេរ្តិ៍នេះ មានការអញ្ជើញជាអធិបតីពី លោកជំទាវឧកញ៉ា ហេមចិត្ដអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ព្រមទាំងសាធារណៈជនផង ធ្វើឲ្យចំនួនអ្នកទស្សនាកើនឡើងដល់រាប់ពាន់នាក់។

កម្មវិធីសម្ដែងបានចាប់ផ្ដើមពីម៉ោង៧យប់រហូតដល់ម៉ោង៨យប់ ថ្ងៃទី១៤ ខែមេសា ២០២៣។ ចប់ការសម្ដែងល្ខោនភ្លាម លោកជំទាវឧកញ៉ា ហេមចិត្ដអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញទៅកម្មវិធីមួយទៀត គឺការប្រកួតបបរកញ្ញា វ័យចំណាស់ ដែលកម្មវិធីនៅថ្ងៃដដែលពីម៉ោង ៨យប់ ដល់ម៉ោង១០យប់។

សូមជម្រាបជូនថា ពិធីអបអរបុណ្យចូលឆ្នាំថ្មីក្រោមប្រធានបទ ជួបជុំគ្រួសារ ចូលឆ្នាំ បន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព បានប្រារព្ធបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា ហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

ចូលឆ្នាំបន្ទាយឆ្មារមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ២០២៣ ដែលរៀបចំឡើងដោយ ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ គាំទ្រពីរដ្ឋបាលខេត្តបន្ទាយជ័យ៕

Share.