កំពង់ចាម ៖ ស្ត្រីម្នាក់បានស្លាប់ ចំណែកកូនប្រុសអាយុ២ឆ្នាំរងរបួស ក្នុងហេតុការណ៍ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បាក់រលំដើមត្នោតសង្កត់លើផ្ទះ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ស្ត្រីរងគ្រោះស្លាប់ក្នុងហេតុការណ៍ មានឈ្មោះ តឿ ភារម្យ អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅផ្ទះកើតហេតុ រីឯកូនប្រុសរងរបួសធ្ងម់ ឈ្មោះ ឈើ ព័រ អាយុ២ឆ្នាំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខាងលើ មានភ្លៀង ខ្យល់កន្ត្រាក់ បាក់រលំដើមត្នោតមួយដើមសង្កត់លើផ្ទះ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ កូនប្រុសរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ ក្រៅពីមានស្លាប់និងរបួស ក្នុងស្រុកព្រៃឈរ មានចំនួន១០ឃុំ ទទួលរងខូចខាតផ្ទះសម្បែង ចំនួន២៦ខ្នងផងដែរ ។

ក្រោយពីកើតមានគ្រោះធម្មជាតិ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោកអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីសាលាខេត្ត ស្រុក ចុះសាកសួរសុខទុកបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងរងប៉ះពាល់ផ្ទះសម្បែង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.