ព្រៃវែង ៖ ពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ ខណៈដែលកម្លាំងនគរបាលស្រុកបាភ្នំ ដឹកនាំដោយលោកអធិការរងស្រុក ចុះបង្ក្រាបល្បែងសុីសងជល់មាន់ មួយកន្លែង ហើយឈានដល់ផ្ទុះអាវុធ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ សាន វិច្ឆិកា ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវ១គ្រាប់ត្រង់ចង្កេះរបួសធ្ងន់ ។ ចំណែកលោកអធិការរង ដឹកនាំកម្លាំងចុះទៅបង្ក្រាប ឈ្មោះ សៀន ប៊ុនណាល់ រួមជាមួយកម្លាំង៣នាក់ទៀត សរុបគ្នា៤នាក់ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះអង្គុយលើម៉ូតូ មើលគេជល់មាន់ ហើយនៅវេលាម៉ោងខាងលើ កម្លាំងនគរបាលស្រុកបាភ្នំ ចំនួន៤នាក់ ក្នុងនោះមានលោកអធិការរងស្រុកឈ្មោះសៀន ប៊ុនណាល់ ម្នាក់ផង ចុះទៅបង្ក្រាបវង់ល្បែង គ្រាន់តែឃើញ អ្នកលេងនាំគ្នាផ្អើលរត់ ត្រូវបានលោកអធិការរងរូបនោះ ក្នុងឯកសណ្ឋាមសុីវិល ដកកាំភ្លើងK59បាញ់មួយគ្រាប់ បែជាទៅត្រូវចំជនរងគ្រោះកំពុងអង្គុយលើម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី រាជធានីភ្នំពេញ ។

តែបើតាមលោក មុំ សារុំ អធិការស្រុកបាភ្នំ ប្រាប់ពលរដ្ឋឲ្យដឹងថា កម្លាំងរបស់អធិការស្រុកបាភ្នំពេញ ពិតជាចុះបង្ក្រាបល្បែងសុីសងមែន ហើយមិនមែនដកកាំភ្លើងបាញ់គម្រាម ដូចពលរដ្ឋចោទប្រកាន់នោះទេ កាំភ្លើងនៅចង្កេះហើយបានផ្ទុះ ផ្លាតទៅត្រូវចំចង្កេះជនរងគ្រោះកំពុងអង្គុយលើម៉ូតូ ។

ការបកស្រាយរបស់លោកអធិការត្រូវបានពលរដ្ឋ រឹតតែផ្ទុះកំហឹង ចោទថាជាលេសដោះសារទៅវិញទេ បើកាំភ្លើងសៀតនៅចង្កេះ កាណុងកាំភ្លើងបែទៅណា ? ។

ក្រោយពីផ្ទុះអាវុធត្រូវចំពលរដ្ឋបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ផ្អើលពលរដ្ឋនាំគ្នាឡោមព័ទ្ធ កម្លាំងនគរបាលស្រុក ប៉ុស្តិ៍ចុះទៅ ហើយឃាត់ខ្លួនលោកអធិការរងម្នាក់ដែលធ្វើឲ្យផ្ទុះអាវុធ នាំទៅអធិការដ្ឋាននគរបាលស្រុក ៕

អត្ថបទ៖តាតុងសែនជ័យ

Share.