បងប្អូនភ្លោះស្រីត្រកូល Truong កីឡាការិនី Truong Thao My និង Truong Thao Vy នឹងធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសវៀតណាម នាពេល​ខាង​មុខ ដើម្បីចូលរួមជាមួយក្រុមបាល់បោះជម្រើសជាតិនារីវៀតណាម ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡាការិនី Truong Thao My និង Truong Thao Vy បាន​កើតនៅរដ្ឋតិចសាស សហ​រដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន អ្នក​ទាំង​២​មានវ័យ២១ឆ្នាំ ដោយមាន​ឪពុក​សញ្ជាតិវៀតណាម និងម្ដាយសញ្ជាតិវៀតណាម-អាមេរិក។

កីឡាការិនី​បាល់បោះកូនភ្លោះ​ទាំង​២នាក់នេះ ទំនងជានឹងប្រកួតទាំង២វិញ្ញាសា រួមមាន​វិញ្ញាសា ៣ទល់៣នាក់ និងវិញ្ញាសា ៥ទល់៥នាក់ ដើម្បីជួយក្រុម​បាល់បោះ​នារី​វៀតណាម ឱ្យ​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាងមុន ពោល​គឺធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​ចុងក្រោយបង្អស់ (លើកទី៣១) ធ្វើឡើង​នៅ​ប្រទេស​វៀតណាម កីឡាការិនីទាំង២​នេះ បាន​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​កំណើត​របស់​ឪពុកម្ដាយខ្លួន ទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ត្រក្នុងវិញ្ញាសា ៣ទល់៣នាក់​។

កូនភ្លោះត្រកូល Truong លេងឱ្យ Gonzaga នៃក្របខណ្ឌលីគសាកលវិទ្យាល័យ (NCAA) នៃសហរដ្ឋអាមេរិក។ រដូវកាលនេះ Thao My និង Thao Vy មានបទពិសោធន៍ផ្ទុយគ្នា គឺ​កីឡាការិនី Thao Vy លេងបាន​ទៀងទាត់ជាមួយនឹងស្ថិតិគួរឱ្យចាប់អារម្មណ៍ តែ Thao My វិញបានខកខានការប្រកួតជាច្រើន ដោយសារតែបញ្ហារបួស។

ទោះជាយ៉ាងណាក៏ដោយ My បានជាសះស្បើយ​របួស​១០០ភាគរយហើយ ហើយអាច​លេង​ក្នុង​ការ​ប្រកួត ២លើកចុងក្រោយនៃរដូវកាលនេះ សម្រាប់ក្រុមសាកលវិទ្យាល័យ Gonzaga។ ដូច្នេះនាង​នឹង​មាន​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​បំផុត ​មុន​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ នៅកម្ពុជា។

ជាមួយនឹងការវិល​ត្រឡប់មកវិញរបស់ Truong Thao My និង Truong Thao Vy គឺ​សមត្ថភាព​របស់​ក្រុម​បាល់បោះនារីវៀតណាម ក្នុងការដណ្ដើមយក​មេដាយនៅស៊ីហ្គេម លើក​ទី៣២ នឹង​មាន​ភាព​ប្រសើរឡើងគួរឱ្យកត់សម្គាល់។ ក្រុម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រមូល​ផ្តុំ​ និង​​ចាប់​ផ្តើម​ការ​​ហ្វឹក​ហាត់​​នៅ​​សប្តាហ៍​​ក្រោយ៕

ប្រភព៖ Camsoc

Share.