ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅត្រួតពិនិត្យកងកម្លាំងសន្ដិសុខនៅតំបន់មួយចំនួននៃប្រទេស អ៊ុយក្រែន ដែលរុស្ស៊ីបាននិយាយថាខ្លួនបានបញ្ជូលតំបន់ទាំងនោះជាទឹកដីរបស់ខ្លួនកាលពីឆ្នាំមុន ខណៈក្រុមរដ្ឋមន្រ្តីការបរទេស G7 កំពុងជួបប្រជុំគ្នានៅក្នុងប្រទេស ជប៉ុន បានថ្កោលទោសផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅក្នុងប្រទេស បេឡារុស្ស ដែលវាជារឿងដែលមិនអាចទទួលយកបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ១៨ ខែ មេសា ឆ្នាំ ២០២៣។

វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានទៅទស្សនាតំបន់ Kherson និង តំបន់ Luhansk ដោយចូលរួមកិច្ចប្រជុំមេបញ្ជាការយោធា និង ទស្សនាទីស្នាក់ការឆ្មាំជាតិ។

ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅ អ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំមុនមក លោក ពូទីន កម្របានទៅទស្សនាផ្នែកខ្លះនៃប្រទេស អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីណាស់ ដោយកាលពីខែមុន លោក ពូទីន បានទៅលេងតំបន់ Crimea និងទីក្រុង Mariupol។

យ៉ាងណាម៉ិញ អ៊ុយក្រែន និង សម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមដែលមិនបង្កហេតុ សំដៅដណ្ដើមយកទឹកដី។

សូមជម្រាបថា តំបន់ Kherson, Zaporizhzhia និង Luhansk នៅភាគខាងកើត គឺជាតំបន់៣ ក្នុងចំណោមតំបន់ទាំង៤ ដែលលោក ពូទីន បានប្រកាសដាក់បញ្ចូលកាលពីខែ កញ្ញា ឆ្នាំ២០២២។ ខណៈអ៊ុយក្រែន និង សម្ព័ន្ធមិត្តលោកខាងលិចបានច្រានចោលការបញ្ចូលឧបសម្ព័ន្ធ ដោយលើកឡើងថា កងកម្លាំងរុស្ស៊ីបានកាន់កាប់តំបន់មួយផ្នែកប៉ុណ្ណោះ៕

ប្រភព៖ CNA

Share.