ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេស កាណាដា លោក Oleg Stepanov បានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃ ព្រហស្បតិ៍ ថា បណ្ដាប្រទេសដែលចូលរួមក្នុងប្លុកជាមួយ ណាតូ នឹងប្រឈមមុខនឹងហានិភ័យសន្ដិសុខកាន់តែខ្លាំងឡើង រួមទាំងនុយក្លេអ៊ែរផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាថ្ងៃ សុក្រ ទី ២១ ខែ មេសា ឆ្នាំ ២០២៣។

លោក Stepanov បាននិយាយថា «សម្រាប់ពេលនេះ ប្រសិនបើប្រទេសណាមួយចូលរួមក្នុងប្លុក ណាតូ នោះមានន័យថា នឹងក្លាយជាសត្រូវជាមួយនឹងរុស្ស៊ី រួមទាំងប្រឈមមុខនឹងការផ្ទុះអាវុធនុយក្លេអ៊ែរ ដែលនេះជាហានិភ័យទាំងអស់ដែលទាក់ទងនឹងការប្រកាសចូលជាសមាជិកភាពណាតូ»។ លោក បានសង្កត់ធ្ងន់ទៀតថា នេះមិនមែនជាការគំរាមកំហែង ឬ ជាគោលជំហររបស់រុស្ស៊ីនោះទេ វាគ្រាន់តែជាភារៈកិច្ចប៉ុណ្ណោះ។

លោក Stepanov បានកត់សម្គាល់ថាប្រទេសកាណាដាគឺជាប្រទេសដំបូងគេដែលមិនត្រឹមតែផ្តល់សច្ចាប័នលើសន្ធិសញ្ញាវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកការគាំទ្ររបស់ខ្លួនចំពោះពាក្យសុំចូលរបស់ហ្វាំងឡង់ផងដែរ។ លោក Stepanov បានបន្តនិយាយថា ប្លុកនេះត្រូវបានបង្កើតឡើងសម្រាប់ទីក្រុងវ៉ាស៊ីនតោន «ដើម្បីគ្រប់គ្រងទឹកដីអឺរ៉ុបដ៏ធំសម្បើម ដើម្បីបម្រើផលប្រយោជន៍អាមេរិក»។

លោក ក៏បានចង្អុលបង្ហាញថា ខណៈពេលដែលអត្ថបទ CBC ចេញផ្សាយនៅថ្ងៃទី ៧ ខែ មេសា បានចោទប្រកាន់ថាស្ថានទូតរុស្ស៊ីនៅទីក្រុង Ottawa មានការបំផ្លិចបំផ្លាញនុយក្លេអ៊ែរចំពេលមានការចូលជាសមាជិកណាតូ របស់ប្រទេស ហ្វាំងឡង់ សារបេសកកម្មគឺជាសេចក្តីថ្លែងការណ៍ជាក់ស្តែងដោយផ្អែកលើការសន្មត់បន្ថែមទៀត ប៉ុណ្ណោះ។

សូមជម្រាបថា ប្រទេស ហ្វាំងឡង់ បានក្លាយជាសមាជិកណាតូទី៣១ កាលពីថ្ងៃទី ៤ ខែ មេសា បន្ទាប់ពីពាក្យសុំចូលជាសមាជិករបស់ខ្លួនត្រូវបានផ្តល់សច្ចាប័នដោយសមាជិកទាំងអស់នៃសម្ព័ន្ធភាពមួយនេះ៕

ប្រភព៖ Sputnik

Share.