បន្ទាយមានជ័យ ៖ ភ្លៀង ខ្យល់កន្ត្រាក់បក់បោកកាច់បាក់រលំផ្ទាំងប៉ាណូ កាត់ទទឹងផ្លូវ សង្កត់ជាប់រថយន្តមួយគ្រឿង មួយគ្រឿងទៀតខូចខាតបន្តិចបន្តួច បើកចេញទៅបាត់ កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ចំណុចក្បែររង្វង់មូលយាយជី ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណែកនៅក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យដែរនោះ បាក់រលំផ្ទះប្រជាពលរដ្ឋរាបដល់ដីអស់ចំនួន៤ខ្នង ។

តាមអាជ្ញាធរបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ នៅក្នុងខេត្តបន្ទាយមានជ័យ មានតំបម់មួយចំនួន ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោក ធ្វើឲ្យផ្ទាំងប៉ាណូ កាត់ទទឹងផ្លូវ នៅតាមផ្លូវជាតិលេខ៥ ចំណុចខាងលើកាច់បាក់រលំ សង្កត់ជាប់រថយន្តកូរ៉េឃ្លុបមួយគ្រឿង និងមួយគ្រឿងទៀត ម៉ាកឡិចសុីស ប៉ះត្រូវបន្តិចបន្តួច ក៏បានបើកចាកចេញទៅបាត់ ។ ចំណែកនៅក្នុងឃុំតាផូ ស្រុកស្វាយចេកវិញ ផ្ទះពលរដ្ឋចំនួន៤ខ្នង បានបាក់រលំរាបដល់ដី ។

ក្រោយហេតុការណ៍ភ្លាមៗ អាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ចុះទៅអន្តរាគមន៍ កាត់ស្ទូចលើកដែកផ្ទាំងប៉ាណូចេញ ដើម្បីឲ្យចរាចរណ៍ធូរស្រាលឡើងវិញ ។

ដោយឡែក នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ វិញ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ភ្លៀងខ្យល់កន្ត្រាក់ បាក់រលំផ្ទះពលរដ្ឋ របើកដំបូល សាលារៀន មន្ទីរពេទ្យ អស់ចំនួន១០៤ខ្នងផងដែរ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.