ភ្នំពេញ ៖ ម្ចាស់រវល់តែអង្គុយហូបបាយនៅខាងក្នុងតូបលក់ទូរស័ព្ទមួយកន្លែង ឃើញសភាពស្ងាត់ ជនសង្ស័យម្នាក់ជិះម៉ូតូទៅបន្លំចូលលួចទូរស័ព្ទ បានសម្រេចហើយ ដើរចេញមកវិញ ស្រាប់តែម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលពលរដ្ឋនាំគ្នាជួយដេញចាប់បាន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅតូបលក់ទូរស័ព្ទ តាមផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមាន ឈ្មោះ ឌួង សីហា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ស្រ៊ូ គឹមស្រ៊ាង ភេទស្រីអាយុ២៤ឆ្នាំ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិព្រែកក្រូច ឃុំបុឺស១ ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ។ ទូរស័ព្ទដែលជនសង្ស័យ លួចយក ម៉ាក I phone 7 plush យកបានមកវិញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប់រវល់អង្គុយហូបបាយក្នុងផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូហុងដាឌ្រីម អត់មានស្លាកលេខ ទៅឈប់ពីមុខតូប ឃើញម្ចាស់រវល់ហូបបាយ ឆ្លៀតឱកាសចូលទៅលួចយកបានទូរស័ព្ទ I phone 7 plush បានសម្រេចហើយ ដើរចេញមកវិញ ត្រូវបានជនរងញ្រោះក្រឡេកមើលក្រោយឃើញ ស្រែកផ្អើលពលរដ្ឋ ជនសង្ស័យរត់គេច ដល់មុខរោងចក្រសាន់ ស្កាយ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ទើបចាប់ឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.