បាត់ដំបង÷ ខ្យល់កន្ត្រាក់បោកបក់ខ្លាំងជាលើកទី ២ ត្រឹមរយ:ពេល ២ខែបានបំផ្លាញផ្ទះប្រជាពលរដ្ឋជិត ១៦៧ខ្នងផ្ទះក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។

អភិបាលស្រុកសំឡូត លោក សើ សាម៉េត បានឲ្យបញ្ជាក់ឲ្យដឹងថា÷ ខ្យល់កន្ត្រាក់ដែលបោកបក់ខ្លាំងមកលើមូលដ្ឋានស្រុកសំឡូត បានបង្កការប៉ះពាល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន ៥ សរុបចំនួន ៦៧ខ្នងកាលពីល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣។

មន្ត្រីដដែលបានបន្ថែមថា÷ ការប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើនេះបានបំផ្លាញខ្នងផ្ទះរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលដោយខ្នងផ្ទះខ្លះប៉ះពាល់ដួលរលំទាំងស្រុង និងប៉ើងរបើកដំបួលស័ង្កសី នៅចុងខែមេសានេះ គ្រាដែល ខែមីនាកន្លងមកខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១០០ខ្នងផ្ទះផងដែរ។

បច្ចុប្បន្នមន្ត្រីសាលាស្រុកសំឡូតកំពុងដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពកំពុងចុះជួយសង្គ្រោះបឋមដូចជាផ្តល់នូវស័ង្កសី និងជួយជួសជុលខ្នងផ្ទះពលរដ្ឋដែលខូចខាតពីខ្យល់កន្ត្រាក់នេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.