កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ សមាគម​ក្លិប​បាល់ទាត់សៀមរាបយូណាយធីត បានប្រកាសអំពីការសហការជាមួយក្លិប​បាល់ទាត់ ចំនួន៦ ក្នុងខេត្តសៀមរាប នឹងរៀបចំការប្រកួតពានរង្វាន់​បាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ ​ប្រចាំខេត្តសៀមរាប រដូវកាលទី ២ ឬ Siem Reap Youth League U15 season 2 ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកួតនេះមានការ​ចូលរួម​ពីក្រុម​បាល់ទាត់ ៖ Siem Reap United, SRBC, ICF Cambodia, Plv Jivit, Next Step FC និង FBIS។ ការប្រកួត នឹងមាន​ធ្វើឡើងនៅកីឡដ្ឋាន ហនុមាន ទីលាន​ Palm Container និង ទីលាន ផ្លូវជីវិត ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដោយចំណាយពេល ៣ខែ។

ក្នុងមួយក្រុម ត្រូវមាន​ ១០ប្រកួត ដោយ​ ៥ប្រកួតចាត់ទុកថា ក្នុងទឹកដី និង ៥ប្រកួត ក្រៅទឹកដី។ ការប្រកួត នឹងត្រូវគិតជាការសន្សំពិន្ទុ ដោយ​ក្រុមឈ្នះ នឹងទទួលបាន ៣ពិន្ទុ ក្រុមស្មើ ទទួលបាន ១ពិន្ទុ និងក្រុមចាញ់ទទួលបាន សូន្យពិន្ទុ។ ក្រុមណាដែលមាន​ពិន្ទុច្រើនជាងគេ នៅសប្តាហ៍ទី១០ គឺក្លាយជាជើងឯក Siem Reap Youth League U15 រដូវកាលទី២ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់​បាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ ​ប្រចាំខេត្តសៀមរាប រដូវកាលទី ២ ឬ Siem Reap Youth League U15 season 2 ធ្វើឡើងដើម្បី​ផ្តល់ឱកាស ដល់​​យុវជននៃក្រុមបាល់ទាត់ របស់​ខេត្តសៀមរាប បានបង្ហាញសមត្ថភាពប្រកួតប្រជែងគ្នាលើទីលាន។ ​ការប្រកួតនេះ ក៏ដើម្បីពង្រឹងចំណងទំនាក់ទំនងក្នុងចំណោម​ក្លិប​បាល់ទាត់ ក្នុង​សហគមន៍ខេត្តសៀមរាបរួមគ្នាផងដែរ។

បន្ទាប់ពី Siem Reap Youth League U15 រដូវកាលទី ២បញ្ចប់ សមាគម​ក្លិបបាល់ទាត់សៀមរាបយូណាយធីត ក៏នឹងមានរៀបចំការប្រកួត​លីគក្នុងខេត្តសៀមរាបដ៏ធំមួយទៀត ដែលមានការចូលរួម​ក្រុម​បាល់ទាត់ទាំងអាជីព ពាក់កណ្តាលអាជីព ក្រុម​បាល់ទាត់កុមារ និងក្រុម​បាល់ទាត់នារី អាយុពីក្រោម ៩ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំនួន​១០០ក្រុម​ ឬ ស្មើនឹងការចូលរួម​របស់កីឡាករ កីឡាការនី ៣,២០០នាក់។

សូមរម្លឹកដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនប្រចាំខេត្តសៀមរាប ឬ Siem Reap Youth League បានធ្វើឡើងជាលើកដំបូង​ នៅឆ្នាំ ២០២២ ដោយមានការចូលរួម ពី២២ក្រុម។

សូម​ចូលរួម​ទស្សនាការប្រកួតដោយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមយុវជន​ ក្នុងខេត្តសៀមរាប ក៏ដូចជាដើម្បីញុំាងឱ្យវិស័យ​បាល់ទាត់ក្នុងខេត្តសៀមរាប កាន់តែទទួលបានប្រជាប្រិយភាពល្បីល្បាញបន្ថែមទៀត៕​

Share.