ភ្នំពេញ ៖ ម៉ូតូធុនធំCRS បើកលឿនជ្រុលទាក់ដៃចង្កូតជាមួយម៉ូតូPCX កំពុងជិះស្របទិស ផ្លោងខ្ទាតជាច្រើនម៉ែត្រ បណ្តាលយុវជនម្នាក់បានស្លាប់ ចំណែកយុវជនម្នាក់ទៀត និងស្ត្រីម្នាក់ របួសធ្ងន់ស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ម៉ាកCRS ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយយុវជនឈ្មោះមឿន វ៉ាន់ចន្ទ័ភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានស្លាប់ ) រួមដំណើរជាមួយយុវជនម្នាក់ទៀត ជិះលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលទាក់ដៃចង្កូតជាមួយម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HA-8441 បើកបរដោយឈ្មោះ សុំ ទីណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកំហែងរាជ្យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួសធ្ងន់) ដែលជនស្របទិសគ្នា ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យភាគីម៉ូតូធុនធំ ស្លាប់ម្នាក់ របួសស្រាលម្នាក់ ចំណែកភាគីម៉ូតូPCX រងរបួសធ្ងន់ ។ ម៉ូតូទាំង២គ្រឿងគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.