កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា និងប្រធានក្រុម សួន ចាន់ណារ៉ូ បានសម្រេច ចិត្ត​យ៉ាង​ច្បាស់​លាស់​ជុំវិញ​អាជីពរបស់ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រម​ទាំង​ចែក​ផ្លូវ​ជាមួយ​ក្លិបបាល់ទះវិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចប់រួចរាល់។

សួន ចាន់ណារ៉ូ ជុំវិញ​ការ​ចូលនិវត្តិន៍ ក្រោយ​ចប់​ស៊ីហ្គេម​នៅ​ភ្នំពេញ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា បង្ហើប​រឿង​ចាំមិនភ្លេចក្នុងអាជីពជាកីឡាករបាល់ទះ និង​ការ​ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​បន្ត​នៅ​ថ្ងៃ​ខាង​មុន​ផង​ដែរ។

ទស្សនាវីដេអូពីកិច្ចសម្ភាសន៍​របស់​សាព័ត៌មាន ត្រយង ជាមួយកីឡាករ សួន ចាន់ណារ៉ូ ខាង​ក្រោម៖

សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ នៅឆ្នាំ២០១២ ដោយ​ចូល​ដំបូង​លេង​ឱ្យក្លិប​បាល់​ទះកង​ពលធំអន្តរាគមន៍លេខ៣ តែ​ក្រោយ​មក​ក៏បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​សសយក​ខេត្ត​ព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខា ដល់បច្ចុប្បន្ន។ អ្នក​លើក​បាល់​របស់​កម្ពុជា​រូប​នេះ បាន​ជាប់ជម្រើសជាតិ នៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេម នៅ​ក្រៅ​ប្រទេស​សរុប​បាន​ចំនួន ៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម៕

Share.