BURN x Flash បានក្លាយ​ជា​ក្រុមគ្រង​ដំណែង​ជើងឯក​ក្នុង​ការ​ប្រកួត MPL Spring Split រដូវ​កាល​ឆ្នាំ២០២៣ និង​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា បន្ត​ចូលរួម​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅ​កាត់​ថា MSC 2023 ក្រោយយកឈ្នះក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ការ​ប្រកួត MPL-KH Spring Split ២០២៣ រដូវ​កាល​នេះ មានក្រុម​កំពូលៗ​កម្ពុជា ចំនួន ៨ ក្រុម បាន​ចូល​ខ្លួន​មក​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ហើយក្រុម BURN x Flash បាន​គ្រងតំណែង​ជើងឯក​ប្រចាំ​រដូវ​កាល រួម​ជាមួយប្រាក់រង្វាន់​ ១៦០០០ ដុល្លារ​ និង​កៅអីចូលរួម​ការប្រកួត​ដណ្ដើម​ពាន​ប្រចាំ​អាស៊ីអាគ្នេយ៍ MSC 2023 ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។

រំលឹកថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជា​ការ​ប្រកួត​លំដាប់​កំពូល​ក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​កំពូល​កីឡាករ​អាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា ដែល​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​ដោយ​បែង​ចែក​ជា ២រដូវ​កាល​គឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)។

ដោយឡែកការប្រកួត Mobile Legend Southeast Asia Cup (MSC 2023 ) គឺជា​ការប្រកួត​ថ្នាក់​អន្តរជាតិ ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយមាន​ការចូលរួម​ពី​ក្រុម​កីឡាករ​កំពូលៗ មកពី​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ MSC 2023 ក៏​មាន ៣ ក្រុម​បន្ថែម​ទៀត មកពី​ប្រទេស​ដែល​មិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចូលរួម​ប្រកួត​ផង​ដែរ ពោល​គឺ​កីឡាករ​មកពី អាមេរិក​ខាងជើង តួកគី និង​មេ​ណា​ នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ប្រទេសកម្ពុជា ហើយប្រយុទ្ធដើម្បីដណ្តើមពាន។

  • វគ្គ Group Stage៖ ១០-១៣ ខែមិថុនា ២០២៣
  • វគ្គ Playoff: ១៥-១៨ ខែមិថុនា ២០២៣

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ ជាការប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មកពីព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀត​ណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។

ចំនួន Slot ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ រួមមាន៖

  • ឥណ្ឌូនេស៊ី មាន ២ក្រុម
  • ហ្វីលីពីន មាន ២ក្រុម
  • ម៉ាឡេស៊ី មាន ១ក្រុម
  • កម្ពុជា មាន ១ក្រុម
  • សឹង្ហបុរី មាន ១ក្រុម
  • មីយ៉ាន់ម៉ា មាន ១ក្រុម
  • តួគី មាន ១ក្រុម
  • មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង មាន ១ក្រុម
  • អាមេរិកខាងជើង មាន ១ក្រុម
  • ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- យក ១ក្រុមចំពោះ​ការចំណាយ គឺ​ជា​បន្ទុក​របស់​ក្រុមហ៊ុន MOONTON GAMES៕

Share.