ពីវេទិកាធិបតីនៃបក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថានិស្សិតខ្មែរចំនួន៦រូបដែលកំពុងសិក្សានៅរដ្ឋធានីកាទុម ប្រទេសស៊ូដង់ ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ត្រូវបានជម្លៀសមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី។

«ប្រហែលពួកគេបានទៅដល់សណ្ឋាគារហើយ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង៦រូបឱ្យបានជ្រាប ថាកូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ ហើយខ្ញុំសូមយកឱកាសនេះអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី មន្រ្តីម៉ាឡេស៊ីដែលបានយកចិត្តទុកដាក់ជួយនិស្សិតកម្ពុជាជម្លៀសខ្លួន ហើយក៏សូមអរគុណរដ្ឋាភិបាល និងមន្រ្តីអារ៉ាប់ប៊ីសាអូឌីតដែលបានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតកម្ពុជា»។

សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់ កាលថ្ងៃទី១៥ ខែ មេសា បានសម្លាប់មនុស្សកើនឡើងដល់ ៤៥៩នាក់ របួសជាង ៤,០០០នាក់ ព្រមទាំងបំផ្លាញ មន្ទីរពេទ្យ លំនៅឋាន ហាងទំនិញ និងការចែកចាយស្បៀងអាហារមានកម្រិតនៅក្នុងប្រទេសដែលមានប្រជាជន ៤៦លាននាក់នេះ ខណៈមួយភាគបីនៃចំនួនប្រជាជនសរុប ពឹងផ្អែកលើជំនួយស្បៀងអាហារ៕

Share.