កំពត ៖ ខ្មាន់កាំភ្លើងម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀន ខឹងមួម៉ៅគុំគួន ទៅលួចយកកាំភ្លើងរបស់ឪពុកបាញ់សម្លាប់បងប្អូនស្រីរបស់ខ្លួន ម្នាក់ជាបងថ្លៃ ម្នាក់ជាបងស្រីជីដូនមួយ បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីបាញ់ប្រហារលើបងប្អូនស្រីហើយ ក៏បាញ់សម្លាប់ខ្លួនឯងតែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ផងដែរ បង្កឲ្យភ្ញាក់ផ្អើល អស់អ្នកស្រុក សមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម ភេទប្រុស អាយុ៣៩ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រស់នៅក្នុងភូមិឃុំកើតហេតុ ។

ចំណែកជនរងគ្រោះ២នាក់បានស្លាប់ ៖ ទី១ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅនៅភូមិឃុំកើតហេតុ ត្រូវជាបងជីដូនមួយរបស់ជនសង្ស័យ បានស្លាប់ភ្លាមៗនៅកន្លែង ។ ទី២ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា ត្រូវជាបងថ្លៃរបស់ជនសង្ស័យ បានស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យដោយសារគ្រឿងញៀន ខឹងគុំគួននឹងបងប្អូន បានទៅលួចយកកាំភ្លើងRPK របស់ឪពុកបង្កើតជាមន្ត្រីបម្រើការងារនៅសាលាស្រុកអង្គរជ័យ បាញ់បងស្រីជីដូនមួយ បងថ្លៃស្រី ហើយបាញ់ប៉ងសម្លាប់ខ្លួនឯងចំដើមទ្រូង តែមិនស្លាប់ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត រួចកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.