កោះកុង ៖ សន្តិសុខយាមប្រចាំផ្សារម្នាក់ ក្លាយជាជនសង្ស័យ លួចនោះលួច តែមិនចង់បានអ្វីក្រៅពីរង្វាន់មាននៅក្រវិលកំប៉ុងស្រាបៀរ កំប៉ុងភេសជ្ជៈ ដោយធ្វើសកម្មភាពគាស់តូប ចូលគាស់ហែកកេស រកមើលក្រវិលកំប៉ុងណាដែលមានត្រូវរង្វាន់ សុខចិត្តចាក់ទឹកចោលអស់ ទីបំផុតតាមទាន់ចាប់ខ្លួនបានជនសង្ស័យម្នាក់ជាសន្តិសុខយាមផ្សារ ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅផ្សារដងទង់ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរិន្ទ ខេត្តកោះកុង ។

ជនសង្ស័យឈ្មោះ ឡេង វុទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរសន្តិសុខផ្សារដងទង់ មានទីលំនៅ ភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរិន្ទ ។ ចំណែកម្ចាស់តូបជាអាជីវករ រងគ្រោះ ឈ្មោះហោ សាលាង ភេទប្រុស អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ សេង សារ៉េត មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សម្ភារៈបាត់បង់ ខូចខាត ស្រាបៀរអស់ជាង៤០កេស ត្រូវបានជនសង្ស័យគាស់មើលក្រវិលកំប៉ុង ។ក្រោយពីតាមទាន់ចាប់ជនសង្ស័យបាន សមត្ថកិច្ចនាំទៅឆែកឆេរដល់កន្លែងស្នាក់នៅ រកឃើញក្រវិលកំបូងត្រូវរង្វាន់ចំនួន១១ក្រវិល ។

តាមបងប្អូនអាជីវករផ្សារដងទង់បានឲ្យដឹងថា កន្លងមកមានជនសង្ស័យធ្វើសកម្មភាពគាស់តូប ក្នុងផ្សារញឹកញាប់ រាយការណ៍ប្តឹងទៅប្រធានផ្សារ ឆ្លើយថាមិនដឹង មិនដោះស្រាយរាល់ការបាត់បង់ ទាល់តែលើកនេះចាប់បានជនសង្ស័យទើបដឹងថាសន្តិសុខអ្នកយាមផ្សារ ជាអ្នកលួច ។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅផ្នែកជំនាញ ក្រុងខេមរិន្ទ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.