ឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ដែលហែកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌឫស្សីកែវ រត់គេចខ្លួន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមក ។ ការចាប់ខ្លួនជនសង្ស័យម្នាក់នេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបានមកវិញ ឈ្មោះ ផល ភីរុំ ហៅទូ គីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅ យានដ្ឋានជួសជុលរថយន្ត ផ្លូវ១៨០៥ ក្រុមទី៣ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទីលំនៅ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យចោទប្រកាន់ពីបទ លួចរថយន្តម៉ាក RANG ROVER សេរីឆ្នាំ២០១៤ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5818 មួយគ្រឿង នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ចំណុចផ្លូវ1805 ក្រុម3 ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួចចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ នាំមកសាកសួរនៅផ្នែកជំនាញខណ្ឌឫស្សីកែវ ស្រាប់តែនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ហើយដាច់ភ្លើង ជាឱកាសជនសង្ស័យ២នាក់ ម្នាក់ជនជាតិបរទេស ម្នាក់លួចរថយន្តខាងលើបានហែកចម្រឹងចេញពីកន្លែងឃាត់ខ្លួន គេចខ្លួនបាត់។

ផ្អើលអស់សមត្ថកិច្ច ប្រកាសតាមចាប់ខ្លួន ទើបតែមកដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានជនសង្ស័យម្នាក់មកវិញហើយ នៅឡើយជនសង្ស័យជាជនជាតិបរទេសម្នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងបន្តតាមស្វែងរក ៕

អត្ថបទ៖តាតុងសែនជ័យ

Share.