ស្វាយរៀង ៖ ក្មេងស្ទាវ២នាក់ ជិះម៉ូតូហុងដាឌ្រីមបោះពួយល្បឿនលឿន បុកចូលប្រឡោះរថយន្ត២គ្រឿងកំពុងចតឈប់ចិញ្ចើមផ្លូវក្បែរសួន ដួលខ្ពោក ស្រាប់ស្ទុះងើបរត់គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវសួនមាត់ទន្លេវ៉ៃគោ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តPrius ចំនួន២គ្រឿង ឈប់នៅតាមផ្លូវសួនមាត់ទន្លេ ទន្ទឹមគ្នា មួយគ្រឿងចតបញ្ច្រាស មួយគ្រឿងចបណ្តោយផ្លូវ គម្លាតពីគ្នាមិនបានមួយមែត្រផង ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រី ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ស្វាយរៀង 1G-9306 ជិះដោយក្មេងស្រាវ២នាក់ បើកល្បឿនលឿន ពីត្បូងទៅជើង បុកចូលប្រឡោះកណ្តាលរថយន្តទាំង២គ្រឿង គៀបជាប់ តែមិនបានរបួស ស្រាប់តែនាំគ្នាស្ទុះងើបឡើងរត់គេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចនាំយករថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ជាបណ្តោះអាសន្ន រងចាំភាគីខាងម៉ូតូមកនិយាយគ្នា ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.