​ប្រទេស​ថៃ​៖ យោងតាមសារព័ត៌មាន​ Bangkok Post នៅថ្ងៃអង្គារ៍នេះបានចេញផ្សាយថា ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃបានគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបង្កឡើងដោយ ការផ្ទុះរោងចក្រគីមីដ៏សម្បើមមួយកន្លែង នៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ក្រោយចំណាយពេលពន្លត់អស់ ២៦ម៉ោង។

ប៉ុន្តែប្រជាជនដែលត្រូវបានជម្លៀស ទៅរកទីទួលមានសុវត្ថិភាព នៅមិនទាន់ទទួលការអនុញ្ញាត ឲ្យត្រឡប់មកផ្ទះរបស់ពួកគេវិញនៅឡើយទេ។ ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទម្សិលមិញ នៅឯរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical)។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អាណ្តាតភ្លើង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។ តែទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬមានចម្ងាយ ៥គីឡូម៉ែត្រកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានា សុវត្ថិភាពទាំងស្រុងជាមុនសិន។

គួរបញ្ជាក់ថា បើតាមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃបានឲ្យដឹងដែរថា ផ្ទះយ៉ាងហោចណាស់ ៧០ខ្នង និងយានយន្ត ១៥គ្រឿង ត្រូវការខូចខាតដោយសារហេតុការណ៍ផ្ទុះ នៅឯរោងចក្រ Ming Dih Chemical។ ចំណែកឯអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងបួសនៅក្នុងហេតុការណ៍ដ៏សម្បើមនេះ៕

ប្រែសម្រួល​៖ ជុំ ពេជ្រវណ្ណារ៉ា

Telegram-Troryorng
Share.