តំណាងពលរដ្ឋប្រមាណ១០០គ្រួសារ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដៃ ស្នើសុំឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជួយអន្តរាគមន៍គាំទ្រក្រុមហ៊ុនទឹកស្អាត ភាព ថាច ដែលបានចូលមកផ្គត់ផ្គង់ទឹកស្អាតដល់ពួកគាត់ និងតាមសំណើអាជ្ញាធរភូមិ ឃុំ ជាច្រើនឆ្នាំមកហើយ។

ការស្នើសុំកិច្ចអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពួកគាត់មិនសុខចិត្តនឹងក្រុមហ៊ុន ឃុនអភិវឌ្ឍន៍ ដែលកំពុងដាក់កម្លាំងចូលមកជីកគាស់កកាយដី និងកាត់គាស់បេតុងមុខផ្ទះរបស់ពួកគាត់ ក្រោមហេតុផលថាពលរដ្ឋត្រូវតែប្ដូរពីការប្រើប្រាស់ទឹកស្អាតក្រុមហ៊ុន ភាព ថាច មកប្រើក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ វិញ ព្រោះក្រុមហ៊ុនធ្លាប់ទទួលបានសិទ្ធិតទឹកចូលភូមិមួយនេះ។

ទាំងមេភូមិបត់ត្រង់ និងប្រជាពលរដ្ឋ ដែលមានស្នាមមេដៃផ្ដិតសម្គាល់ផង បានអះអាងថាមែនទែនទៅ ពួកគាត់គាំទ្រនិងការពារក្រុមហ៊ុន ភាព ថាច មិនមែនដោយសារក្រុមហ៊ុននេះ ផ្គត់ផ្គង់ទឹក​មិនយកប្រាក់ ឬមានតម្លៃថោកជាងទីផ្សារទូទៅនោះទេ ប៉ុន្តែគឺដោយសារពួកគាត់មិនអាចបំភ្លេចនូវគុណូប្បការៈរបស់ក្រុមហ៊ុន ភាព ថាច ដែលខិតខំជួយពួកគាត់ក្នុងគ្រាអាសន្នរាំងស្ងួតយ៉ាងវេទនាកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ និងរហូតមក។

ថ្លែងប្រាប់សារព័ត៌មានត្រយង លោក ឈឿន រោញ មេភូមិបត់ត្រង់ និងប្រជាពលរដ្ឋ បានរម្លឹកថាកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ភូមិបត់ត្រង់ ក៏ដូចជាមូលដ្ឋានផ្សេងទៀតនៃខេត្តភាគពាយ័ព្យប្រទេស បានជួបគ្រោះរាំងស្ងួតយ៉ាងអាក្រក់មិនធ្លាប់មាន ធ្វើឱ្យស្ទឹងមង្គលបុរី និងបណ្ដាស្រះទឹកនានាក្នុងភូមិត្រូវរីងស្ងួត សល់តែស្រះទឹកវត្តមួយគត់ដែលពលរដ្ឋអាចបណ្ដាក់គ្នាសុំទឹកព្រះសង្ឃយកមកប្រើប្រាស់។

លោក ឈឿន រោញ មេភូមិបត់ត្រង់

ពួកគាត់អះអាងទៀតថាពេលនោះ ក្រុមហ៊ុន ភាព ថាច បានតបណ្ដាញទឹកស្អាត ចូលក្នុងមូលដ្ឋានភូមិជាច្រើននៅជុំវិញនោះហើយ លើកលែងតែភូមិបត់ត្រង់មួយគត់ ដែលក្រុមហ៊ុនមិនអាចភ្ជាប់ទឹកជូនពលរដ្ឋប្រើប្រាស់បាន ដោយសារតែកាលណោះ ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ បានទទួលសិទ្ធិផ្គត់ផ្គង់ទឹកស្អាត។ ពេលរម្លឹកដល់រឿងនេះ ពលរដ្ឋបានសម្ដែងការខឹងសម្បារនឹងក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ ដែលដេញថ្លៃយកតែអាជ្ញាបណ្ណ តែមិនបានមកវិយោគជួយពលរដ្ឋដូចការសន្យា។

ដោយសារតែស្ថានភាពគ្រោះរាំងស្ងួតកាន់តែបង្កការលំបាកអាក្រក់ទៅៗ ពលរដ្ឋភូមិបត់ត្រង់ក៏បាននាំគ្នាស្នើសុំមេភូមិ ជួយដាក់សំណើរសុំទៅកាន់ក្រុមប្រឹក្សាឃុំបត់ត្រង់ និងក្រុមការងារចុះមូលដ្ឋានឃុំ ដើម្បីជួយសម្របសម្រួលឱ្យក្រុមហ៊ុន ភាព ថាច បានតបណ្ដាញទឹកស្អាតឱ្យពួកគាត់ប្រើប្រាស់ដូចគេ​ឯងក្នុងឃុំ ខណៈពេលនោះ ក្រុមហ៊ុនមួយនេះក៏បានផ្ដល់ទឹកស្អាតមិនយកប្រាក់ជូនអាជ្ញាធរដឹកចែកពលរដ្ឋប្រើប្រាស់ជារៀងរាល់ថ្ងៃ។

ទីបំផុត អាជ្ញាធរឃុំ ដោយបានគាំទ្រពីក្រុមការងារចុះមូលដ្ឋានផង ក៏បានឯកភាពជាមួយក្រុហ៊ុន ភាព ថាច បើកផ្លូវឱ្យក្រុមហ៊ុនមួយនេះ តបណ្ដាញទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ជាបន្ទាន់ ហើយដំណឹងនេះក៏ទទួលបានការអបអសារទរពីសំណាក់ពីប្រជាពលរដ្ឋ។ បើតាមលោកមេភូមិ រហូតមកដល់ពេលនេះ មានពលរដ្ឋប្រមាណ៧០ភាគរយហើយបានប្រើប្រាស់ទឹកស្អាតក្រុមហ៊ុន ភាព ថាច​ លើកលែងតែពលរដ្ឋចំណាកស្រុក។

យ៉ាងណាក៏ដោយ បញ្ហាដែលនាំឱ្យពលរដ្ឋហ៊ានចេញមុខផ្ដិតមេដៃការពារក្រុមហ៊ុនដែលធ្លាប់កម្សត់កម្រជាមួយគ្នានាពេលនេះ គឺបន្ទាប់ពីពួកគាត់ ឃើញក្រុមកម្មករក្រុមហ៊ុន ឃុន អភិវឌ្ឍ ដែលបោះបង់មូលដ្ឋានពួកគាត់ជិត១០ឆ្នាំ រាប់តាំងពីឆ្នាំដែលទទួលបានសិទ្ធិវិយោគទឹកស្អាតនោះ បានចាប់ផ្ដើមជីកគាស់កកាយបង្កប់ទុយយោ ហើយប្រាប់ពលរដ្ឋថាត្រូវតែប្ដូរមកប្រើទឹកខ្លួនវិញ។

ពលរដ្ឋអះអាងថាទោះបីជាក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ សន្យាបញ្ចុះតម្លៃក្រោមទីផ្សារ២០០រៀលក៏ដោយ ក៏ពួកគាត់មិនអាចធ្វើទៅរួចចំពោះក្រុមហ៊ុន ភាព ថាច ដែលបានមកវិនិយោគជួយពួកគាត់ប្រមាណ១០ឆ្នាំមកហើយនេះបានដែរ។ ពួកគាត់បានស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជួយអន្តរាគមន៍ បង្វែរឱ្យក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ ទៅតំបន់ណាផ្សេង ហើយរក្សាស្ថានភាពដើមជូនពួកគាត់ និងក្រុមហ៊ុន ភាព ថាច៕

Share.