ថ្ងៃទី១នៃការចូលធ្វើការងារជាភិបាលរងក្រុងអរិយក្សត្រ លោកស្រី ធី សុវណ្ណថា ដែលទើបទទួលបានមុខតំណែងថ្មីថ្មោង ជាអភិបាលនៃគណអភិបាលក្រុងថ្មីមួយនេះ បានទទួលបទពិសោធថ្មីភ្លាម។ សាឡាងនៃកំពង់ចម្លងភ្នំពេញ អរិយក្សត្រ ដែលលោកស្រី ធី វណ្ណាថា បានជិះ ស្រាប់តែខូចម៉ាស៊ីនកណ្ដាលទន្លេ។

តាមរយៈទំព័រហ្វេវសប៊ុកផ្លូវការ លោកស្រី ធី សុវណ្ណថា បានបង្ហាះភ្ជាប់រូបភាព និងវីដេអូក្នុងន័យដើមថា« បងប្អូន អ្នកអរិយក្សត្រអើយ ខ្ញុំយល់អារម្មណ៍មួយនេះហើយ ខូចម៉ាស៊ីនសាឡាង កណ្តាលទន្លេមុខ៤ អរគុណអាជ្ញាធរអន្តរាគម ទាន់ពេលមានអារម្មណ៍ ដូចនៅលើកប៉ាល Titanic ⛴️ ចូលធ្វើការថ្ងៃទី១ បានរួមសុខទុក្ខ ជាមួយអ្នកអរិយក្សត្រ»។

នេះជាបទពិសោធថ្មីរបស់លោកស្រីអភិបាលរងក្រុង ប៉ុន្តែសម្រាប់អ្នកក្រុងអរិយក្សត្រនិយាយតាមបរិបទថ្មី ឬនិយាយតាមបរិបទចាស់ សម្រាប់អ្នកស្រុកល្វាឯម និងបណ្ដាអ្នកស្រុកទន្លេផ្សេងៗទៀត នេះជារឿងដែលពួកគេឧស្សាហ៍ជួបជាធម្មតា។

លោកស្រី ធី សុវណ្ណាថា អតីតយុវជនប្រឆាំងដ៏លេចធ្លោ និងដែលក្រោយមកបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងចំណោមមន្រ្តី៦រូបដែលត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

បើតាមប្រកាស ចុះហត្ថលេខាដោយសម្ដេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី ធី សុវណ្ណថា ស្ថិតក្នុងលំដាប់អភិបាលរងលេខរៀងចុងក្រោយគេ ដោយសារស្រ្តីក្លាហានក្នុងវិស័យនយោបាយរូបនេះ មានឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ។

សូមរម្លឹកថារាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើត ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ពីស្រុកល្វាឯម។ កាលពីថ្ងៃទី៦ ខែមេសា សម្ដេចតេជោ ហ៊ុន សែន បានតែងតាំងលោក ចាន់ តារា ជាអភិបាលក្រុងអរិយក្សត្រ៕

Share.