កណ្តាល ៖ យុវជនម្នាក់ កំពុងជិះម៉ូតូឌុបជីតា ត្រូវបានរថយន្តម៉ាស្តា បើកបុកពីក្រោយ ផ្លោងខ្ទាតធ្លាក់ចេញពីផ្លូវ ទាំងរថយន្ត ទាំងម៉ូតូ របួសធ្ងន់បាក់ជើងទាំងពីរនាក់តានិងចៅ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦អា ភូមិព្រែតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះទាំង២នាក់ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ១៦ ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាអ្នកបើកម៉ូតូ ឌុបលោកតាឈ្មោះឡុង អាត ភេទប្រុស អាយុ៨៥ ឆ្នាំ មានទីលំនៅភូមិវត្ដចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាស្តា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BT-7327 បើកលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម ដែលជិះដោយយុវជនម្នាក់ឌុបលោកតា ចាស់ជរាម្នាក់ ក្នុងដំណើរស្របទិស ផ្លោងខ្ទាតធ្លាក់ចេញពីផ្លូវ ទាំងរថយន្ត ទាំងម៉ូតូ រងរបួសធ្ងន់បាក់ជើងស្តាំទាំង២នាក់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់តា ចៅ ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពរកាកោង២ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.