​លោក​ ផាត់ សុផល បុរស​ដែល​​មាន​ដើម​កំណើត​នៅ​ជំរុំ​ជាយ​ដែន​ខ្មែរ​ថៃ​ និង​មាន​​ទីលំ​បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ លោក​មានបំណង​​ចង់​បើក​បង្រៀន​សាលា​គំនូរ​ជីវចល​ និង​ ភាពយន្ត​​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

លោក​ ផាត់ សុផល​ ស្ថាបនិក​​ឆាណែល​យូធូប​ Cartoon Veha ដែល​ជា​អតីត​កម្មករ​អូស​រទេះ​បាន​រំលឹក​ឱ្យ​ដឹង​ថា​ការ​ដែល​លោក​​ក្លាយ​ជា​វិចិត្រករ​គំនូរ​ជីវចល​គឺ​ផ្ដើម​ចេញ​ពី​លោក​គ្រូ​បារាំង​ម្នាក់​ បាន​ចាក់​គំនូរ​ជីវចល​ 2D ឱ្យ​លោក​មើល​ ដោយ​ពន្យល់​ថា​គំនូរ​ដែល​គ្រូ​ដោយ​ដៃ​អាច​ក្លាយ​ជា​គំនូរ​ជីវចលបាន​ ថែម​ទាំង​និយាយ​នូវ​ពាក្យ​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ចងចាំ​​គ្មាន​ថ្ងៃ​ភ្លេច​ «ព្យាយាម​ឡើង​ដើម្បី​ជនជាតិ​របស់​អ្នក​»​

ប៉ុន្តែ​ជីវិត​ខុស​ពី​រឿង​និទាន​ ព្រោះ​ក្រោយ​ពី​លោក​ចាកចេញ​ពី​ជំរុំ​ ហើយ​​ត្រលប់​មក​រស់​នៅ​ក្នុង​ស្រុក​​កំណើត​វិញ​ ដោយ​ជីវភាព​ក្រ​លំបាក​ធ្វើ​ឱ្យ​លោក​សម្រេ​ចចិត្ត​សុំ​ម្ដាយ​ឈប់​រៀន​ ហើយ​វិល​ទៅ​ធ្វើ​ជា​កម្មករ​អូស​រទេះ និង​ស៊ី​ឈ្មួល​ច្រូត​ស្រូវ​ឱ្យ​ជនជាតិ​ថៃ​។ ថ្វី​ត្បិត​តែ​ជីវិត​ស្ថិត​ក្នុង​ព្យុះ​ភ្លៀង​ តែ​លោក​ ផាត់​ សុផល​ មិន​ដែល​មាន​ចិត្ត​បោះបង់​ចោល​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​វិចិត្រ​ករ​គំនូរ​ជីវចល​របស់​ខ្លួន​ឡើយ​ ​ឱ្យ​តែ​មាន​ពេល​ទំនេរ​លោក​តែង​តែ​ឆ្លៀត​ពេល​​គូរគំនូរ​ជានិច្ច​។

រហូត​ដល់​ឆ្នាំ​២០០៣ ​ក្ដី​ស្រមៃ​របស់​លោក​ហាក់​មាន​ពន្លឺ​ព្រោះ​លោក​មាន​ពន្លឺ​ដោយ​លោក​អាច​មាន​លទ្ធភាព​ទិញ​កុំ​ព្យួទ័រ​មួយ​គ្រឿង​ ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ពី​វិធី​ធ្វើយ៉ាង​ ទើប​ឱ្យ​ ​រូបភាព​​ចាប់​ផ្ដើម​អាច​មាន​ចលនា​។ ទីបំផុត​ដោយ​ក្ដី​ព្យាយាម​មិន​បោះ​បង់​ លោក ផាត់​ សុផល ទីបំផុត​អាច​រក​បាន​កម្មវិធី​ 3D ធ្វើ​ឱ្យ​លោក​អាច​សិក្សា​យក​មកធ្វើ​ជា​គំនូរ​ជីវចល​បាន​សម្រេច​។

តាម​ការ​បញ្ជាក់​របស់​លោក​ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ភាគ​ច្រើន​គំនូរ​ជីវចល​របស់​លោក​ គឺ​ជា​​​​ប្រភេទ​វីដេអូ​រឿង​អប់រំ​សម្រាប់​កុមារ ព្រោះ​លោក​សង្កេត​ឃើញ​ថា​ វីដេអូ​គំនូរជីវចលភាគ​ច្រើន​ជា​របស់​បរទេស ដូច្នេះ​កុមារ​តូចៗ​មើល​វីដេអូ​គេ​ធ្វើ​ឱ្យ​ទទួល​យក​នូវ​វប្បធម៌​បរទេស​មុន​វប្បធម៌ជាតិ​សាសន៍​ខ្លួន​។​

ងាក​មក​វិញ​ លោក​ ផាត​់ សុផល​ បាន​ធ្វើ​ការ​ប្រកាស​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ថា​លោក​នឹង​បើក​សាលា​បង្រៀន​គំនូរ​ជីវចល ​និង​ ភាពយន្ត​ ដោយ​ផ្ដល់​អាហារូបករណ៍​រហូត​ដល់១០០​% សម្រាប់​អ្នក​ខ្វះ​លទ្ធភាព​។

«​សម្រាប់​អ្នក​បាត់​ដំបង​ដែល​ចង់​រៀន​គំនូរ​ជីវចល​ និង​ ភាពយន្ត​។​ ឆាប់ៗ​ខាង​មុខ​ ខ្ញុំ​នឹង​បើក​សាលា​បង្រៀន នៅទីនោះ​ជា​ឱកាស​ល្អ​សម្រាប់​ប្អូន​ៗ ដែលខ្វះ​លទ្ធភាព​ គឺ​អាច​ទទួល​បាន​អាហារូបករណ៍​រហូត​ដល់​១០០%។ គោល​ដៅ​គឺ​ចង់​កសាង​ធនធាន​មនុស្ស​សម្រាប់​ជាតិ​»។​ ​

គួរ​ដឹងដែរ​ថា​ ស្នាដៃ​របស់​លោក​ ផាត់ សុផល​ ក្រៅ​មាន​បង្ហោះ​លើ​ឆាណែល​យូធូប​ Cartoon Veha របស់​លោក​ផ្ទាល់​ហើយ​នោះ​ ស្នាដៃ​របស់​លោក​ក៏​មាន​ការ​ទទួល​ស្គាល់​ និង ​ទុក​ចិត្ត​ ឱ្យ​បញ្ចេញ​ស្នាដៃ​ក្នុង​​បទ​ចម្រៀង​របស់​​អ្នក​អង្គ​ម្ចាស់​ ព្រះ​នាង​តូច​ នរោត្តម​ ជេន​ណា ច្រៀង​ជាមួយ​នឹង​លោក 12ME ឌូស្សស្មេ ក្នុង​បទ​​ចម្រៀង​ «កង្កែបរាំ​វង់» ផង​ដែរ៕​

ទស្សនា​ស្នាដៃ​គំនូរ​ជីវចល​របស់​លោក ផាត់​ សុផល​ ក្នុង​បទ​ចម្រៀង​ «កង្កែបរាំ​វង់​» ដូច​ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.