ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតនៅស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី៣ ខែឧសភាខាងមុខនេះ។

ព្រះបទុមវង្សា ម៉េត សាម៉ន ព្រះចៅអធិការវត្តបទុមវង្សា បានមានព្រះថេរដីកាឱ្យដឹងថាព្រះវិហារថ្មីដែលត្រៀមប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមានាពេលខាងមុខនេះ កសាងឡើងរយៈពេលជិត១៣ឆ្នាំ ដោយចំណាយថវិកាប្រមាណជាង៨០ម៉ឺនដុល្លារអាមេរិក ក្រោមការជួយជ្រោមជ្រែងពីក្រុមការងារចុះមូលដ្ឋាន និងពុទ្ធបរិស័ទ។

បើតាមព្រះបទុមវង្សា ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារដែលប្រៀបបាននឹងបេះដូងនៃទីអារាមនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទទី១ រហូតដល់ថ្ងៃព្រហស្បតិ៍ទី៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានពិធីសាសនា ការសម្ដែងល្ខោនបាសាក់ ចាប៉ីដងវែង ការបាញ់កាំជ្រួច និងបង្ហោះគោមជាដើម។

ព្រះចៅធិការបានមានព្រះថេរៈដីការអំពាវនាវក្នុងន័យដើមថា«សូមអញ្ជើញចូលរួមបំពេញបុណ្យកុលសចុងក្រោយ ហៅថាអប្បរាបរចេតនា ជាការជ្រះថ្លៃចំពោះបុណ្យរបស់យើង កុំឱ្យជាប់មន្ទិលថាព្រះវិហារបស់អញតទៅទៀត គឺថាយើងបានប្រគេនព្រះសង្ឃ ថ្វាយព្រះរតនត្រ័យហើយនាពិធីបញ្ចុះខណ្ឌសីមានេះ»។

នាថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលស្រុកលើកដែក ព្រះចៅអធិការវត្ត និងអាជ្ញាធរឃុំ បានបើកកិច្ចប្រជុំជាមួយក្រុមការងារឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីសម្រេចអំពីរបៀបវារៈសំខាន់នៃពិធីបុណ្យនាពេលខាងមុខ។

ព្រះវិហារ គឺជាទីសេនាសនៈដ៏ឧត្តុង្គឧត្តមបំផុតនៅក្នុងវត្តអារាម ដ្បិតមានតែក្នុងព្រះវិហារមួយគត់ដែលព្រះសង្ឃអាចប្រារព្ធកិច្ចសំខាន់ៗ ដូចជាសម្ដែងអាបត្តិ បំបួសព្រះសង្ឃ ក្រាលគ្រងកឋិនទាន ដែលកិច្ចសំខាន់ទាំងនេះ មិនអាចធ្វើនៅលើកុដ្ឋ សាលា ឬទីសេនាសនៈណាផ្សេងបានឡើយ។

សូមបញ្ជាក់ថា នៅមុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ  គឺជាឱកាសដែលទីអារាមនានាតែងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានាដែលកើតឡើងដោយសារការគាំទ្រពីថ្នាក់ដឹកនាំជាតិ និងកម្លាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ៕

Share.