លោក អ៊ា ចរិយា បានទទួលមុខតំណែងជានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ។ អតីតអ្នកសង្គមស៊ីវិលជំនាញសុវត្ថិភាពចរាចរណ៍រូបនេះ បានបង្ហាញវត្តមានលើហ្វេសប៊ុកផេកថ្មីថ្មោងរបស់រដ្ឋបាលក្រុងអរិយក្សត្រ នាឱកាសចុះពិនិត្យទីតាំងត្រូវប្រារព្ធពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រ កាលពីថ្ងៃទី៣០ ខែមេសា ម្សិលមិញនេះ។

រម្លឹកថយក្រោយបន្តិច លោក អ៊ា ចរិយា ជាអតីតនាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍។ សារព័ត៌មានត្រយង បានស្រាវជ្រាវឃើញបទយកការណ៍មួយ ផ្សាយដោយវិទ្យុបារាំងអន្តរជាតិ rfi មានចំណងជើងថា ទោះ​បី​ប្រាក់​ខែ​តិច លោក អ៊ា ចរិយា តាំង​ចិត្ត​ធ្វើ​ការ​ក្នុង​វិស័យ​សុវត្ថិភាព​ចរាចរណ៍​ជា​រៀង​រហូត ដោយ​សារ​គិត​ពី​អាយុ​ជីវិត​ពលរដ្ឋ​ទូទៅ​ – បទយកការណ៍ (rfi.fr)

អ្នកស្គាល់លោក អ៊ា ចរិយា តាមប្រព័ន្ធផ្សព្វផ្សាយ ហាក់ចាប់អារម្មណ៍ខ្លះដែរ នៅពេលមន្រ្តីធ្វើការងារខាងសង្គមស៊ីវិលរូបនេះបានទៅកាន់មុខតំណែងជាមន្រ្តីរដ្ឋបាល។ ដ្បិតតាមរយៈបទយកការណ៍ខាងលើ លោក អ៊ា ចរិយា ដែលបានរៀនសូត្រជ្រៅជ្រះនៅកម្ពុជា និងជប៉ុន និងមានបទពិសោធច្រើនលើការងារសុវត្ថិភាពចរាចរណ៍ បានប្ដេជ្ញាធ្វើការងារនេះជារៀងរហូត។

យ៉ាងណាក៏ដោយ ក៏មិនចម្លែកពេកនោះដែរ ដែលវាសនាមនុស្សមានការប្រែប្រួល។ ម្យ៉ាងលោក អ៊ា ចរិយា ក៏មានកម្រិតវប្បធម៌ខ្ពស់សមគួរ និងក៏ក្លាយជាមន្រ្តីរាជការទៅហើយ មុនពេលលោកកាន់មុខតំណែងនាយករដ្ឋបាលសាលាក្រុងអរិយក្សត្រដែលទើបបង្កើតថ្មីនេះ។ លោកក៏ជាកូនចៅពលរដ្ឋក្នុងស្រុកខ្សាច់កណ្ដាលដែលមួយផ្នែកកាត់ចូលក្រុងអរិយក្សត្រដែរ៕

Share.