ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បានបំផ្លាញផ្ទះ មួយខ្នងអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះមួយខ្នងទៀត បណ្តាលឲ្យរងការខូចខាតអស់៥០% ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៦៖៣០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ៤២៩ ផ្លូវ៦៩ ក្រុម៣ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ៖ នៅ សុខ ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ នៅផ្ទះ ( ជនពិការ ) ស្នាក់នៅផ្ទះកេីតហេតុខាងលេី ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ផងដែរ ។

ខណ:ពេលដែលកំពុងប្រតិបត្តិការបាញ់ទឹកពន្លត់ខាងលើ ស្រាប់តែបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់បានរងរបួសត្រូវដៃខាងឆ្វេង ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ។

ប្រភពដដែលបានបន្តទៀតថា ដោយនៅប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត៣០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់២៤ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ មួយខ្នងទាំងស្រុង ទំហំ (៨ម៉ែត្រ គុណ៨ម៉ែត្រ) និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ មួយខ្នងទៀត ខូចខាតប្រហែល៥០ភាគរយ ដែលមានទំហំ (៨ម៉ែត្រ គុណ៨ម៉ែត្រ) សាងសង់អំពីឈើលើថ្មក្រោម ។ 

 ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ត ៕

Share.