ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះខ្លាំងស្តុកអេតចាយមួយកន្លែង យ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះពលរដ្ឋក្បែរខាងអស់ចំនួន៩ខ្នងទៀត ឆេះទាំងរថយន្តមួយគ្រឿង បង្កឲ្យផ្អើលប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរនោះ ស្របពេលអាកាសធាតុកំពុងក្តៅផងនោះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅក្បែរទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដើមចមភ្លើងឆេះសំរាម រាលដល់ឃ្លាំងស្តុកអេតចាយ ដែលម្ចាស់មិននៅ កាន់តែខ្លាំងឡើងៗ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដល់ផ្អះបងប្អូនប្រជាពលរដ្ឋក្បែរខាងអស់ចំនួន៩ខ្នងទៀត ក្នុងនោះប្រភេទផ្ទះឈើប្រក់ស័ង្កសី ចំនួន៨ខ្នង ផ្ទះថ្មប្រក់ស័ង្កសីចំនួនមួយខ្នង រថយន្តឡិចសុីសRX330 មួយគ្រឿងត្រូវបានភ្លើងឆេះសឹងអស់ទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤០គ្រឿង ត្រូវបានបញ្ជូនចេញទៅពីបណ្តាអង្គភាពផ្សេងៗ ដើម្បីពន្លត់ភ្លើង ៖ រថយន្តរបស់ស្នងការក្រុងចំនួន២២គ្រឿង , រថយន្តក្រសួងមហាផ្ទៃចំនួន១គ្រឿង , រថយន្តអាវុធហត្ថក្រុង ចំនួន១គ្រឿង , រថយន្តស្រាបៀកម្ពុជា ចំនួន១គ្រឿង , រថយន្តទីក្រុងជ្រោយចង្វា រចំនួន ០៦គ្រឿង , រថយន្តទីក្រុងអូឡាំងព្យា ចំនួន ០២គ្រឿង , រថយន្តទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង , ប្រើប្រាស់ទឹកអស់ចំនួន ០៦គ្រឿង ,
រថយន្តទីក្រុងនរាណ៍ ចំនួន០២គ្រឿង , រថយន្តសួនឧស្សហកម្មកាណាឌីយ៉ាចំនួន ០១គ្រឿង ។

រថយន្តពន្លត់អគ្គិភ័យសហការគ្នាបាញ់ពន្លត់ភ្លើង រហូតដល់វេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃដដែលទើបភ្លើងរលត់ទាំងស្រុង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.