បុសរហស្សនាម «ជាប់គុកមិនស្វាង» កាលពីជាង១០ឆ្នាំមុន លោក ម៉ម សូណង់ដូ មិនទាន់ឆ្អែតឆ្អន់នឹងជីវិតនយោបាយនៅឡើយទេ។ កាលពីថ្ងៃទី២ ខែឧសភា ម្សិលមិញ ក្នុងអាយុប្រមាណ៨១ឆ្នាំ អ្នកនយោបាយគ្មានប្រវតិ្តឈ្នះបានកៅអីសភារូបនេះ បានដឹកនាំសហការីទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ទៀតហើយ។

បើតាម គ.ជ.ប គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គឺជាគណបក្សទី១០ហើយដែលចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនទាំងពេញសិទ្ធិ និងបម្រុង។ គណបក្ស៩ទៀតនោះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សខ្មែរអភិរក្ស និងគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ម៉ម សូណង់ដូ កើត​នៅ​ឆ្នាំ​ម្សាញ់ គឺ​នៅ​ឆ្នាំ​១៩៤២ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​កូន​ប្រុស​អតីត​ចៅហ្វាយ​ស្រុក​មួយ​រូប។ មហាជនមួយចំនួន ពិសេសពលរដ្ឋវ័យចំណាស់ ចាប់ផ្ដើមស្គាល់ លោក តាម​រយៈ​ការ​ផ្សាយ​សំឡេង​នៃ​រលក​វិទ្យុ​សំបុក​ឃ្មុំ។ តាមរយៈក្បាលមេក្រូវិទ្យុផ្ទាល់ខ្លួននេះ លោក ម៉ម សូណង់ដូ បានអត្ថាធប្បាយ​​ព្រឹត្តិការណ៍​នយោបាយ ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែនជាដើម។

ព្រោះតែការអត្ថាធិប្បាយតាមរលកវិទ្យុផ្ទាល់ខ្លួនផង តាមរយៈវេទិកា និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផង កាលពីជាង១០ឆ្នាំមុន លោក ម៉ម សូណង់ដូ ត្រូវបានអ្នកតាមដាន និងអ្នកសារព័ត៌មានខ្លះផង ដាក់រហស្សនាមថា«បុរសជាប់គុកមិនស្វាង» ដោយសារតែលោកឧស្សាហ៍ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ និងត្រូវផ្ដន្ទាទោស ក្នុងនោះក៏មានបទល្មើសអប្បគមន៍ផងដែរ។

ខ្សែជីវិតអ្នកនយោបាយ ពិតជាមិនខុសពីពាក្យបុរាណពោលថា«ងាប់ ជាប់គុក រត់ចោល ស្រុកឡើងធំ»នោះឡើយ។ បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលលោកចេញមុខប្រកាសឱ្យអ្នកគាំទ្របក្សសំបុកឃ្មុំជួយបោះឆ្នោតឱ្យកាលពីឆ្នាំ២០១៣ត្រូវរំលាយ លោក មំ់ម សំណង់ដូរ បានចូលរួមប្រកួតការបោះឆ្នោត ឆ្នាំ២០១៨ ហើយក៏មានវាសនាឡើងជាទេសរដ្ឋមន្រ្តី នៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បន្ទាប់ពីអាណត្តិនោះគណហក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈទាំងអស់ក្នុងរដ្ឋសភា៕

Share.