កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ទទួលបានថវិកាឧបត្ថម្ភចំនួន៤០លានរៀលចំពោះការឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ ប្រព្រឹត្តទៅកាលពីថ្ងៃ២៧ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមក្រសួងអប់រំ លោក ខាន់ ភីធើ ជាគ្រូបង្គោល និងជាឪពុក ក៏ទទួលបានថវិកា៤០លានរៀលដែរ ខណៈលោក Paas Jasper ទទួលបាន២៨លានរៀល។ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកានេះដោយផ្ទាល់នៅក្រសួងអប់រំ យុវជន និងកីឡា។

កីឡាការិនី ខាន់ ចេស្តា និងក្រុមគ្រួសារ បានធ្វើដំណើរមកដល់មាតុប្រទេស ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាពេលខាងមុខនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជាដាក់ក្ដីរំពឹងខ្ពស់ថាកីឡាការិនីរូបនេះនឹងដណ្ដើមបានមេដាយមាសជូនជាតិ។

សូមបញ្ជាក់ថា ឯកឧត្តម ហង់ជួន ណារ៉ុន បានស្នើសុំសម្ដេចតេជោ អវត្តមានពីកិច្ចប្រជុំអាស៊ានឥណ្ឌូនេស៊ី ដោយសារជាប់ភារកិច្ចស្នូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ទោះស្ថិតក្នុងអំឡុងពេលកាន់មរណទុក្ខម្ដាយបង្កើត ក៏ឯកឧត្តមនៅតែឆ្លៀតចូលរួមគ្រប់សកម្មភាព ទាំងផ្ទាល់ និងលើបណ្ដាញសង្គម ដើម្បីគាំទ្រព្រឹត្តិការណ៍ដ៏ធំនេះដែរ។

Share.