កំពង់ឆ្នាំង ៖ មនុស្ស៤នាក់ ស្រី២នាក់ បានស្លាប់ និងមនុស្ស៨នាក់ទៀតរងរបួសធ្ងន់ ដេកដួលរណូករណែកពេញផ្លូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើង រវាងរថយន្តសណ្តោងសុីទែនដឹកប្រេង អ្នកបើកបរងងុយដេក បើកលឿនជ្រុលបុកពីក្រោយម៉ូតូសណ្តោងរុឺម៉ក ដឹកប្រជាពលរដ្ឋអ្នកលក់ក្រឡានចំនួន១២នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះទាំង១២នាក់ ក្នុងនោះស្រាប់ចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចំណែកជនរងគ្រោះចំនួន៨នាក់ទៀត រងរបួសធ្ងន់ ។ ជនរងគ្រោះទាំង១២នាក់ ជាពលរដ្ឋប្រកបរបរលក់នំក្រឡាន មានទីលំនៅ ភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង១២នាក់ ជិះម៉ូតូសណ្តោងរុឺម៉ក មានដឹកល្អី ក្រឡានផង ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3G-2103 អូសសណ្តោងរុឺម៉កសុីទែនដឹកប្រេង ពាក់ស្លាកលេខ ភ្នំពេញ 4B-2068 បើកល្បឿនលឿនពីជើងទៅត្បូង អ្នកបើកបរងងុយដេក រេចង្កូតបុកពីក្រោយរុឺម៉ក ផ្លោងខ្ទាត រាយប៉ាយ បណ្តាលឲ្យស្លាប់៤នាក់ របួសធ្ងន់៨នាក់ ដេកដួលរណូករណែលពេញផ្លូវ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកជនរងគ្រោះចំនួន៤នាក់បានស្លាប់ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.