កណ្តាល ៖ បុរសម្នាក់បាក់កស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវបានរថយន្តPriusបើកលឿនជ្រុលបុកផ្លោងខ្ទាតច្រើនម៉ែត្រ ហើយរថយន្តបន្តបើករត់គេចទៅបាត់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ មុខក្លោងទ្វារវត្តល្វា ចំណុចភូមិជីម៉ៅ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ម៉ៅ អាយុ ៤០ឆ្នាំ រស់នៅភូមិ អង្គខ្លេី ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ជាអ្នកបើកម៉ូតូ SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AT-7519 រងរបួសស្រាល ។ ទី២
ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ អង្គខ្លេី ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាអ្នករួមដំណេីរជាមួយ បានស្លាប់ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ធ្វើដំណើរចេញពី ផ្ទះជនរងគ្រោះ ឈ្មោះហេង ចាន់ថា គោលបំណងឆ្ពោះទៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តំពង់ស្ពឺ ដែលព្រំប្រទល់ជាប់គ្នា ខណៈដែលជិះពីកើតទៅលិច ឆ្លងកាត់ផ្លូវជាតិលេខ៣ ជិតផុតទៅហើយ ស្រាប់តែ មានរថយន្តPrius មួយគ្រឿងមិនចាំស្លាកលេខ បើកលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅតត្បូង បុកផ្លោងខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកអ្នករួមដំណើរផ្លោងធ្លាក់បាក់កស្លាប់ភ្លាមៗនៅកន្លែង រីឯរថយន្តបន្តបើកគេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសាកសពបុរសម្នាក់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ដបទ៖ តាតុងសែនជ័យ

Share.