ភ្នំពេញ៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ លោក ប៊ុន ចំរើន អគ្គនាយករង បានដឹកនាំកម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីពេទ្យសត្វ នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរខណ្ឌដង្កោ បាននាំយកផលិតផល សាច់សត្វបង្កក គ្រឿងសម្អាងចម្រុះ នំចម្រុះ ខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសជាធរមាន សរុបចំនួន ៦,៩៣០គីឡូក្រាម ទៅកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ទទួលបានអាណត្តិពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលមានតួនាទីភារកិច្ចស្នូលក្នុងការធានាគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ដើម្បីការពារសុខុមាលភាព សុវត្ថិភាព ផលប្រយោជន៍សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ រួមទាំងធានាភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរកិច្ច៕

អត្ថបទ៖ ចតុមុខ

Share.