រដ្ឋាភិបាលអូស្ត្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានសន្យាបន្តជួយក្រសួងមហាផ្ទៃលើវិស័យនគរបាល កំណែទម្រង់វិមជ្ឈការ និងវហសមជ្ឈការ និងការងារគណនេយ្យភាពសង្គម។ ការបញ្ជាក់នេះបានធ្វើឡើងនាឱកាសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតជូន ឯកឧត្តម Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ សម្ដេចក្រឡាហោម ក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។

ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាវិញ សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូតថា ក្រសួងមហាផ្ទៃ មានកិច្ចសហប្រតិបត្តិការ និងទទួលការជួយគាំទ្រពីខាងភាគីអូស្ត្រាលីផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម។

សម្តេចក៏បានជម្រាបផងដែរថា សម្ដេចក៏ធ្លាប់បានរៀបចំដំណើរទស្សនកិច្ចរួមគ្នាជាមួយឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅតាមបណ្ដាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការកំណែទម្រង់ក៏ដូចជាការអនុវត្តគម្រោងនានានៅមូលដ្ឋាន។សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនអំពីគម្រោងនគរបាលសហគមន៍ ដែលជាគម្រោងមួយល្អ និងទទួលបានការគាំទ្រពីខាងភាគីអូស្ត្រាលី។

សម្ដេចក៏យកឱកាសនេះថ្លែងអំណរគុណ ដោយគូសបញ្ជាក់ថា គម្រោងនគរបាលសហគមន៍បានរួមចំណែកធ្វើឲ្យសហគមន៍កាន់តែទទួលបានសុខសុវត្ថិភាព។ សម្ដេចបន្តថា ការងារនេះ បានជួយបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់។ សម្ដេចក៏ស្នើបន្តជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរបន្ត អនុវត្តនូវការងារផ្សេងៗទៀតដែលក្រសួងមហាផ្ទៃ មានជាមួយនគរបាលសហព័ន្ធអូស្ត្រាលី តាមរយៈការចុះកិច្ចព្រមព្រៀង MOU ជាមួយគ្នាកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងអំណរគុណចំពោះពាក្យពេចន៍របស់ សម្ដេចក្រឡាហោម និងថាឯកឧត្តមពិតជាមានសេចក្ដីរីករាយដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីអស់រយៈពេល២០ឆ្នាំមកហើយ ដែលឯកឧត្ដមធ្លាប់បានបំពេញតួនាទី និងភារកិច្ចនៅកម្ពុជា។

ឯកឧត្តមក៏ឯកភាពចំពោះការវាយតម្លៃរបស់សម្ដេច ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាក្នុងកម្រិតតំបន់ និងបានជម្រាបជូនដែរថា ក្នុងតួនាទីឯកឧត្ដមជាឯកអគ្គរដ្ឋទូតនឹងបន្តខិតខំស្វែងរកឱកាសពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគីជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលជាក្ដីបារម្ភ និងកង្វល់រួមរបស់ភាគីទាំងពីរ។

ចំពោះទំនាក់ទំនង និងកិច្ចសហការជាមួយនឹងក្រសួងមហាផ្ទៃ ឯកឧត្តមក៏បានឯកភាពជាមួយនឹងការលើកឡើងរបស់សម្ដេច ដោយបានគូសបញ្ជាក់ដែរថា អូស្ត្រាលី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រសួងមហាផ្ទៃ ក៏ដូចជាជាមួយនគរបាលកម្ពុជា ទាំងក្នុងក្របខណ្ឌនៃការរៀបចំគោលនយោបាយ ក៏ដូចជាក្នុងប្រតិបត្តិការការងារផ្ទាល់ផងដែរ។

ឯកឧត្ដមក៏សម្ដែងនូវសេចក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមកដ៏ល្អរវាងក្រុមការងារ នៃនគរបាលសហព័ន្ធអូស្ត្រាលីជាមួយនឹងនគរបាលកម្ពុជាលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងការងារប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់។ឯកឧត្តម ឯកអគ្គរដ្ឋទូតបន្តថា ភាគីអូស្ត្រាលីនឹងបន្តខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះឱ្យកាន់តែទទួលបានលទ្ធផលវិជ្ជមានច្រើនឡើងថែមទៀត។

សម្ដេចបន្តថា ចំពោះការងារកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការងារគណនេយ្យភាពសង្គម ឯកឧត្ដមពិតជាមានសេចក្ដីរីករាយចំពោះវឌ្ឍនភាព ដែលកម្ពុជាទទួលបានក្នុងដំណើរការកាងាររយៈពេលប្រមាណជាង២០ឆ្នាំកន្លងមក។ ឯកឧត្តមបញ្ជាក់ថា អូស្ត្រាលីក៏រីករាយក្នុងការបន្តចូលរួមចំណែកជាមួយនឹងកម្ពុជាក្នុងការអនុវត្តការងារនេះ។

ក្នុងជំនួបនោះដែរ ឯកឧត្តមអគ្គរដ្ឋទូត និងសម្ដេចក្រឡាហោម ក៏បានជជែកពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន រួមមានការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ និងអំពីស្ថានភាពនយោបាយនៅកម្ពុជា ពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នោតជាតិនាខែកក្កដាខាងមុខ និងល្អកិច្ចសហប្រតិបត្តិការនៅក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕

Share.