សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចពីថ្ងៃច័ន្ទ ហើយទើបប្រកាសនៅព្រឹកថ្ងៃពុធ ទី៧ ខែកក្កដា នេះថាពានរង្វាន់បាល់ទាត់ AFC Cup 2021 នៅតំបន់អាស៊ាន ត្រូវរំសាយការប្រកួតចោលហើយ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាសាកល។
វិបសាយផ្លូវការរបស់ AFC បានបញ្ជាក់ថាការប្រកួតតំបន់អាស៊ាន ស្ថិតក្នុងពូល G,H,I និងវគ្គជម្រុះត្រូវបានរំសាយការប្រកួតហើយ ព្រោះការឆ្លងនៃជំងឺកូវីដ-១៩ មិនអាចរកទីកន្លែងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាន។ ដូច្នេះក្រុមបឹងកេត និងវិសាខា របស់កម្ពុជា និងក្រុមនានានៅបណ្តាប្រទេសអាស៊ាន មិនអាចចូលរួមប្រកួតបាននោះទេ។
ពានរង្វាន់ AFC Cup 2021 មាន១០ពូល មកពី៥តំបន់ផ្សេងគ្នា មាន តំបន់អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ ដូច្នេះ៤តំបន់ផ្សេងទៀតបន្តសកម្មភាពប្រកួតធម្មតា ខណៈមានតែតំបន់អាស៊ីកណ្ដាលមួយប៉ុណ្ណោះ មិនទាន់ប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូល រីឯតំបន់៣ផ្សេងទៀតប្រកួតរួចរាល់ហើយ៕