សហរដ្ឋអាមេរិកកាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងដំបូងរបស់ពិភពលោកសម្រាប់បង្កាមេរោគផ្លូវដង្ហើម Respiratory Syncytial Virus (RSV) ជាបញ្ហាដែលគេតាមរកអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីការពារជនរងគ្រោះពីជំងឺផ្ដាសាយធម្មតាក្លាយជាជំងឺអ្នកធ្ងន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣។

ក្រុមហ៊ុនផលិតឱសថ GSK ទទួលបានភ្លើងពណ៌បៃតង សម្រាប់ការផលិតវ៉ាក់សាំងចាក់ឲ្យមនុស្សពេញវ័យ ឬ មនុស្សមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដែលស្រដៀងគ្នានឹងដូសវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ដែលគេរំពឹងថា នឹងបង្កើតឡើងក្នុងពេលឆាប់ៗនេះ។

លោក Peter Marks មន្ត្រីជាន់ខ្ពស់រដ្ឋបាលចំណីអាហារ និង ឱសថសហរដ្ឋអាមេរិក (FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការអនុម័តវ៉ាក់សាំង RSV នៅថ្ងៃនេះ គឺជាសមិទ្ធផលសុខភាពសាធារណៈដ៏សំខាន់មួយក្នុងការទប់ស្កាត់ជំងឺដែលអាចគំរាមកំហែងដល់អាយុជីវិត»។

លោក Tony Wood ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ GSK បានបន្ថែមថា ការសម្រេចចិត្តនេះ «ជាចំណុចរបត់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីកាត់បន្ថយហានិភ័យដ៏សំខាន់របស់មេរោគ RSV»។

Respiratory Syncytial Virus (RSV) ជាមេរោគធម្មតាដែលជាទូទៅវាអាចធ្វើឲ្យមនុស្សយើងគ្រុនក្ដៅ និង អាការៈផ្ដាសាយ ប៉ុន្ដែវាក៏ជាមេរោគគ្រោះថ្នាក់សម្រាប់មនុស្សចាស់ មនុស្សមានប្រព័ន្ធភាពសុំាខ្សោយ និង មនុស្សមានមេរោគប្រចាំកាយ។ ចំពោះករណីធ្ងន់ធ្ងរ វាអាចបង្កឲ្យមានជំងឺរលាកសួត ដែលជាការរលាកផ្លូវដង្ហើមដ៏ជ្រៅនៅក្នុងសួត។

អត្រានៃមេរោគ RSV និង ជំងឺគ្រុនផ្ដាសាយ បានធ្លាក់ចុះកំឡុងពេលនៃការបិទខ្ទប់ដោយសារកូវីដ១៩ ប៉ុន្ដែវាបានកើនឡើងនៅពេលដែលការរឹតបន្ដឹងនានាត្រូវបានដកចេញ ដោយមានកុមារតូចៗរងគ្រោះដោយសារមេរោគនេះខ្លាំង។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺរបស់សហរដ្ឋអាមេរិក អ្នកដែលផ្ទុកមេរោគ RSV ប្រមាណ ៦០,០០០នាក់ ទៅ ១២០,០០០នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្សចំនួន ៦,០០០នាក់ ទៅ ១០,០០០នាក់ បានស្លាប់ ហើយភាគច្រើនគឺមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៕

ប្រភព៖ CNA

Share.