សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខ​បូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល។ ពិធីនាព្រឹកមិញនេះ មានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។

​ពិធីបុណ្យ​វិសាខបូជា គឺការ​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ រួមមានការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​បរិនិព្វាន​។​ ​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ ជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តាជាដើម​។

​ព្រះស​មា្ម​សម្ពុទ្ធ ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ មុន​គ្រិស្តសករាជ​ចំនួន៦២៣ ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។ ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខនា​វេលា​ទៀបភ្លឺ​។ ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល២៥៦៦ឆ្នាំ​ហើយ​៕

Share.