រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ពីការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការប្រើប្រាស់យន្ដហោះដ្រូន ២គ្រឿង ដើម្បីវាយប្រហារវិមានក្រឹមឡាំង ក្នុងទីក្រុង ម៉ូស្គូ ដោយរុស្ស៊ីបានចាត់ទុកសកម្មភាពនេះថាជា «អំពើភេរវកម្មដែលបានគ្រោងទុក» ខណៈរុស្ស៊ីគំរាមសងសឹកវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៤ ខែ មេសា ឆ្នាំ ២០២៣។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទីក្រុង កៀវ មិនមានអ្វីពាក់ព័ន្ធនឹងឧប្បត្តិហេតុដែលបានរាយការណ៍កាលពីយប់ម៉ិញនោះទេ។

លោក Zelensky បានប្រាប់សន្និសីទសារព័ត៌មានអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេស ហ្វាំងឡង់ ថា «យើងមិនបានវាយប្រហារលោក ពូទីន ឬ ទីក្រុង ម៉ូស្គូ ទេ យើងប្រយុទ្ធតែនៅលើទឹកដីរបស់យើងទេ។ យើងកំពុងការពារទឹកដីរបស់យើង យើងមិនមានអាវុធគ្រប់គ្រាន់សម្រាប់ការធ្វើអ្វីផ្ដេសផ្ដាសនោះទេ»។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំង អ៊ុយក្រែនបានរាយការណ៍ពីការព្រមានអំពីការវាយប្រហារតាមអាកាសលើទីក្រុង Kyiv និង ទីក្រុងផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា «ជាលទ្ធផលនៃសកម្មភាពទាន់ពេលវេលាដែលធ្វើឡើងដោយយោធា និង សេវាកម្មពិសេសជាមួយនឹងការប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្គ្រាម យន្ដហោះដ្រូនទាំងនោះត្រូវបានកម្ទេចដើម្បីបញ្ឈប់សកម្មភាព។ យើងចាត់ទុកសកម្មភាពទាំងនេះថាជាសកម្មភាពភេរវករដែលបានគ្រោងទុក និង ការប៉ុនប៉ងធ្វើឃាតរបស់ប្រធានាធិបតី ដែលបានធ្វើឡើងនៅមុនថ្ងៃនៃទិវាជ័យជម្នះ ក្បួនដង្ហែរថ្ងៃទី ០៩ ខែ ឧសភា ខាងមុខដ៏ខ្លីនេះ»។

បំណែកយន្ដហោះដ្រូន បានរាយប៉ាយនៅក្នុងបរិវេណវិមានក្រឹមឡាំង ប៉ុន្ដែមិនបានបង្កឲ្យមានអ្នកណាម្នាក់រងរបួស ឬ បង្កការខូចខាតអ្វីនោះទេ។

ដោយឡែក អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថា ឧបទ្ទវហេតុនេះបានធ្វើឲ្យយើងគ្មានជម្រើសអ្វីផ្សេង ក្រៅពីការលុបបំបាត់ លោក Zelensky និង ក្រុមរបស់គាត់នោះទេ។

ថ្វីត្បិតរុស្ស៊ីបានចោទប្រកាន់ និង គំរាមសងសឹកវិញយ៉ាងណាក៏ដោយ ជំនួយការជាន់ខ្ពស់របស់លោក Zelensky បានហៅការចោទប្រកាន់នេះថា «វិមានក្រឹមឡាំងកំពុងរៀបចំផែនការវាយប្រហារថ្មីដ៏សំខាន់មួយលើអ៊ុយក្រែន ដោយអ៊ុយក្រែនរំពឹងទុកថា ទីក្រុង ម៉ូស្គូ បានរៀបចំការវាយលុកជាយូរមកហើយ»៕

ប្រភព៖ CNA

Share.