សិល្បៈជាតិ​៖ ​កីឡាករ​បាល់បោះ​កម្ពុជា​បាន​ឈ្នះ​កីឡាករ​ជម្រើស​ជាតិ​ថៃ​ ​ជាកត្តាបាន​ធ្វើ​ឱ្យ​ភាគី​អ្នក​គាំទ្រ​ថៃ​​បាន​ចេញ​មក​ឡាំប៉ា​និង​ព្រួត​គ្នា​វាយ​ប្រហារ​លើ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ដោយ​មើល​ឃើញ​ហេតុ​នេះ​លោក គឹម ពៅមិថុនា អ្នក​ជំនាញ​ Graphic Designer បាន​គូ​រគំនូរ Digital Art ឈុត​បុរាណ​ខ្មែរ​ជូន​ដល់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​ហើយ​​នៅពេល​នេះ​គំនូរ​របស់​លោក​កំពុង​តែ​ទទួល​បាន​ការ​និយម​គាំទ្រ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​។

ក្រោយ​អត្តពលិក​ជម្រើសជាតិ​កម្ពុជា​ប្រភេទ​វិញ្ញាសារ​បាល់បោះ​បាន​បន្ត​យក​ឈ្នះ​បណ្ដា​ប្រទេស​នានា​​នៅ​ក្នុង​ការ​ប្រកួត​ ជាពិសេស​គឺ​ការ​ប្រកួត​យក​ឈ្នះ​លើ​ជម្រើស​ជាតិ​ថៃ​ ស្រាប់​តែ​គេ​មើល​ឃើញ​អ្នក​គាំទ្រ​ថៃ​បាន​ចេញ​មក​រិះគន់​ចំពោះ​កីឡា​ករ​ជម្រើស​ជាតិ​កម្ពុជា​ រហូត​បង្កើត​ឱ្យ​មាន​រឿង​ចម្រូងចម្រាស់​គ្នា​កើត​ឡើង​។

យ៉ាងណា​មិញ​ក្នុង​នាម​ជា​អ្នក​គាំទ្រ​កីឡា​ជាតិ​ ពិសេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមលើក​ទី​៣២​នេះ មិថុនា បាន​ប្រាប់​សារព័ត៌មាន​ត្រយង​ថា​ លោក​សប្បាយចិត្តនិងមោទកភាពខ្លាំង ព្រោះយេីងបានរៀបចំបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះ កំហុសបន្តិចបន្តួចមិនជាបញ្ហានោះទេ អ្វីដែលសំខាន់យេីងបានបង្ហាញថា ខ្មែរយេីងជានរណា ខ្មែរយេីងអស្ចារ្យប៉ុណ្ណា Sea Games គឺជាឱកាសមាសមួយសម្រាប់កម្ពុជា នាថ្ងៃអនាគត។ ងាក​មក​​ការ​គូរ​គំនូរ​នេះ​​ជា​ដំបូង​នោះ​គឺ​លោក​មាន​មោទកភាព​ចំពោះ​កីឡាករ​គ្រប់​រូប​ដែល​ធ្វើ​​គ្រប់​យ៉ាង​ដើម្បី​ខ្មែរ​ និង​យក​មេដាយ​មាស​ជូន​ជាតិ​។​ លោក​បាន​ពោល​ថា​ថ្វី​ត្បិត​កីឡាករ​យើង​ជា​កូន​កាត់​ឬ​ចូល​សញ្ជាតិ​ក្ដី​ តែ​អ្វី​ដែល​សំខាន់​ គឺ​ពួក​គាត់​ធ្វើ​ដើម្បីប្រយោជន៍​​ខ្មែរ នោះ​គឺជា​ខ្មែរ​ហើយ​។

សម្រាប់​ស្នាដៃ​ដែល​កំពុង​តែ​ពេញនិយម​ នៅ​លើ​បណ្ដាញ​សង្គម​នេះ​ត្រូវ​បាន​ម្ចាស់​ស្នាដៃ​លើក​ឡើង​ថា​លោក​បង្កើត​ឡើង​ដោយ​សារ​ តែ​លោក​ចង់​ការពារ​ពួក​គាត់​ពី​ការ​មើល​ងាយ​លើ​ពណ៌សំបុរ​ពី​សំណាក់​ជន​បរទេស​ លោក​​​ចង់​បង្ហាញ​​​ថា​ ទាល់​តែ​ពួក​គាត់​ (អត្តពលិក​ជម្រើស​ជាតិ​) ស្លៀក​ពាក់​ឈុត​ប្រពៃណី​ខ្មែរ​ ទើប​ជា​ខ្មែរ? ចុះ​បេះដូង​ដើម្បី​ខ្មែរ​មិន​ហៅ​ថា​ជា​ខ្មែរ​ទេឬ?

បុរស​ដែល​មាន​ស្រុក​កំណើត​នៅទីក្រុង​ភ្នំពេញ​ និង​មាន​ឪពុកម្ដាយ​ជា​អ្នក​ស្វាយរៀងរូប​នេះ​បាន​ សង្កត់​ធ្ងន់​ថា​ ស្នាដៃ​របស់​លោក​ មិនមាន​ចេតនា​រើស​អើង​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​គោរព​ស្រលាញ់ និង​ចង់​ការពារ​អត្តពលិក​ជម្រើស​ជាតិ​ ព្រោះ​ប្រជាជន​កម្ពុជា​គោរព​ស្រលាញ់​កីឡាករ​ទាំង​បី​រូបនេះណាស់​។ ក្រៅ​អី​អរគុណ​ចំពោះ​អត្តពលិក​ដែល​ខំប្រឹង​​​ដេីម្បីលេីកទង់ជាតិមួយនេះដោយក្ដីស្រលាញ់ ​និង​ការគោរព ខ្លួន​លោក​ផ្ទាល់​ក៏​​ចង់​បង្ហាញ​ឱ្យ​បរទេស​មើល​ឃើញ​ថា​ប្រទេសខ្មែរ មិនមែនជាប្រទេសរេីសអេីងពូជសាសន៍ ពណ៌សំបុរ​នោះ​ទេ។ សម្រាប់​លោក​​ឱ្យ​តែ​ធ្វើ​អ្វី​ដើម្បី​ប្រយោជន៍​ខ្មែរ លោក​គោរព​ជា​ខ្មែរ​ហើយ​ លោក​មិន​ខ្វល់រឿង​សាសន៍​អ្វី​នោះ​ទេ​។

នា​ថ្ងៃ​អនាគត​ លោក​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​សំឡេង ហើយ​ចង់​យក​សំឡេង​នេះ​ទៅ​ជួយ​ខ្មែរ​ ក្នុង​ជំនាញ​របស់​លោក​។ លោក​ក៏​ចង់​ក្លាយ​ជា​អ្នក​ចង់​​លើក​ទឹក​ចិត្ត​​ដល់​ប្អូនៗ​ដែល​មាន​ជីវភាព​លំបាក​ហើយ​តស៊ូ​ក្នុង​វិស័យ​មួយ​នេះ​ដូច​ជា​លោក​ដែរ។

​ស្នាដៃ​មួយ​ទៀត​របស់ លោក គឹម ពៅមិថុនា

ជា​ការ​ពិត​ណាស់​កម្ពុជា​បាន​រង់​ចាំ​រយៈ​ពេល​៦៤​ឆ្នាំ​ទម្រាំ​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ហេតុដូច្នេះ​ហើយ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ក្ដី សហព័ន្ធ​ក្ដី​ រាជរដ្ឋាភិបាល​ក្ដី​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​ក៏​ដូច​ជា​សម្រិតសម្រាំង​កីឡាករ និង​ប្រភេទ​កីឡា​ដែល​កម្ពុជា​ជឿជាក់​ថា​នឹង​ឈ្នះ​មេដាយ​មាស​ច្រើន​។

សូម​ជម្រាប​ថា កម្ពុជា​បាន​ឈ្នះមេដាយ​មាស​ជា​ស្ថាពរ​ លើ​ប្រភេទ​វិញ្ញសារ​បាល់បោះ​ ៣x៣ ។ ​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​ឧសភា​នេះ​ ជាលទ្ធផល​ កម្ពុជា​នៅ​តែ​ឈរ​នាំ​មុខ​គេ​លេខ​មួយ​ ជា​ប្រទេស​ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣៕

Share.