សង្គ្រាម​បាន​រុញ​ច្រាន​អោយ​កម្ពុជា បាត់​ឈ្មោះ​ចេញ​ពី​ពិភព​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន ខណៈ​ក្រុម​មួយ​នេះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ទៅ​៣លើក​ឯណោះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​អតីតកាល មុន​បន្ត​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣។

ងាក​ទៅ​អតីតកាល​ដែល​ពិបាក​ស្វែង​រក​ចម្លើយ ដោយ​សារ​ឯកសារ​មនុស្ស​រស់​ពាក់ព័ន្ធ​មួយ​ចំនួន​ក៏​បាត់បង់​ទៅ​តាម​សង្រ្គាម ប៉ុន្តែ​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង បាន​រក​ឃើញ​ថា​​ក្រុម​បាល់ទះ​បុរស​​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ទៅ​៣លើក​ឯណោះ ពោល​គឺ៖

លើក​ទី១) ស៊ីហ្គេម​លើក​ទី៣ ឆ្នាំ​១៩៦៥ នៅ​កូឡាឡាំពួរ ម៉ាឡេស៊ី៖ ក្រុម​បាល់ទះ​បុរស​កម្ពុជា ឈ្នះ​មេដាយ​មាស ក្រោយ​យក​ឈ្នះ​លើ​​​ក្រុម​ថៃ វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​ ៣សិត​ទល់០​ (១៥-១៣,​១៥-៩,​១៥-១០)។
លើក​ទី២) ស៊ីហ្គេម​លើក​ទី​​៦ ឆ្នាំ​១៩៧១ នៅ​កូឡាឡាំពួរ ម៉ាឡេស៊ី៖ ក្រុម​បាល់ទះ​បុរស​កម្ពុជា យក​ឈ្នះ​លើ​ភូមា (បច្ចុប្បន្ន​មីយ៉ាន់ម៉ា) ដោយ​លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ ​៣ទល់០។

លើ​ទី៣) ស៊ីហ្គេម​លើក​ទី​៧ ឆ្នាំ​១៩៧២ នៅ​សិង្ហបុរី៖ ក្រុម​បាល់ទះ​កម្ពុជា បាន​យក​ឈ្នះ​​មេដាយ​មាស ក្រោយ​​យក​ឈ្នះ​លើ​ក្រុម​វៀតណាម​ខាង​ត្បូង (វៀតណាម) នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៣សិត​ទល់០ ពោល​គឺ​១៤-៤,​១៥-១០,​១៥-១០។

ដោយ​ឡែក​បច្ចុប្បន្ន​នេះ​ក្រុមបាល់ទះ​បុរស​កម្ពុជា បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្តង​ទៀត​ហើយ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដោយ​ត្រូវ​ប៉ះ​ឥណ្ឌូណេស៊ី វេលា​ម៉ោង​៧:៣០នាទី​រសៀល​ ដើម្បី​ដណ្តើម​មេដាយ​មាស។

កម្មវិធី​ប្រកួត​សរុប​ថ្ងៃ​ចុង​ក្រោយ​នៃ​បាល់ទះ​បុរស​​ឆ្នាំ​នេះ​មាន៖
វគ្គ​លេខ​​៧ មីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី ម៉ោង​១២​ថ្ងៃ​ត្រង់
វគ្គ​លេខ​៥ សិង្ហបុរី ប៉ះ ហ្វីលីពីន ម៉ោង​១៤:៣០​រសៀល
វគ្គ​​មេដាយ​សំរឹទ្ធិ វៀតណាម ប៉ះ ថៃ ម៉ោង​១៧:០០​ល្ងាច
វគ្គ​មេដាយ​មាស ឥណ្ឌូណេស៊ី ប៉ះ កម្ពុជា ម៉ោង​១៩:៣០​ល្ងាច

Share.