លោក​ជំទាវ​ កែ សួនសុភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​៨​ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ ពី​ការ​គាំទ្រ​ក្រុម​​បាល់ទះ​កម្ពុជា ដែល​ខ្លួន​ស្រលាញ់ តែ​កុំ​ផ្លែផ្កា​ឌឺដង​ឱ្យ​ក្រុម​គូ​ប្រកួត។ ការ​លើក​ឡើង​នេះ​គឺ​អំឡុង​ពេល​ដែល​កម្ពុជា កំពុង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន។

សារ​ទាំង​ស្រុង​របស់​លោក​ជំទាវ​បញ្ជាក់​ថា៖«ជូន​ចំពោះ​អ្នក​គាំទ្រ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ដែល​មក​លើក​ទឹក​ចិត្ត​កម្ពុជា យប់នេះ! អ្នក​គាំទ្រ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ភាព​ជោគជ័យ​របស់​ក្រុម​ណា​មួយ​ រួម​ទាំង​ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា ផងដែរ។ ក្នុង​នាម​ជា​អ្នក​គាំទ្រ វា​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ឱ្យ​ក្រុម​របស់​យើង​នូវ​អារម្មណ៍​វិជ្ជមាន និង​ការ​លើក​ទឹក​ចិត្ត​ពេញ​មួយ​ការ​ប្រកួត។ យើង​គួរតែ​ជៀសវាង​ការ​ជេរ​ប្រទេច​ផ្តាសា​គូប្រកួត ហើយ​ផ្ទុយ​ទៅ​វិញ ផ្តោត​លើ​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​របស់​យើង​រហូត​ដល់​ចប់​ការ​ប្រកួត»។

លោក​ជំទាវ​បន្ត​ថា៖«សូម​ចាំថា​ ក្រុម​របស់​យើង​គឺ​តំណាង​ឱ្យ​ប្រទេស​របស់​យើង ហើយ​ពួក​គេ​ត្រូវ​ការ​ការ​គាំទ្រ​របស់​យើង​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ មិន​ថា​មាន​អ្វី​កើត​ឡើង​នោះទេ​ យើង​គួរ​តែ​បន្ត​លើក​ទឹកចិត្ត​ក្រុម​របស់​យើង ហើយ​បង្ហាញ​ពួក​គេ​ថា​យើង​ជឿជាក់​លើ​សមត្ថភាព​របស់​ពួកគេ។ សូម​បង្ហាញ​ក្រុម​របស់​យើង​ថា​យើង​មាន​មោទនភាព​ចំពោះ​ពួក​គេ ហើយ​ពួក​យើង​នឹង​គាំទ្រ​ពួក​គេ​ដោយ​បេះដូង​របស់​យើង​ជានិច្ច»។

ក្រុម​បាល់​ទះ​បុរស​របស់​កម្ពុជា ត្រូវ​បើក​ទ្វា​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទទួល​ក្រុម​ម្ចាស់​មេដាយ​មាស​១១​សម័យកាល ឥណ្ឌូណេស៊ី ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ នេះ បន្ទាប់​ពី​ក្រុម​ទាំង​២​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​កម្ពុជា យក​ឈ្នះ​​ក្រុម​ថៃ ៣សិត​ទល់​២សិត ហើយ​ឥណ្ឌូណេស៊ី យក​ឈ្នះ​វៀតណាម ៣សិត​ទល់០។

អត្ថបទពាក់ព័ន្ធ៖​បាល់ទះ​បុរស​កម្ពុជា ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​៣​ជំនាន់ ខណៈ​​ល្ងាច​​នេះ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទៀត​

គិត​ត្រឹម​ពេល​នេះ​ក្រុម​ហ្វីលីពីន ឈរ​លេខ៥ ហើយ​សិង្ហបុរី ឈរ​លេខ៦ មីយ៉ាន់ម៉ា ឈរ​លេខ៧ និង​ម៉ាឡេស៊ី ឈរ​លេខ​៨។ ចំណែក​ក្រុម​ថៃ ត្រូវ​ប៉ះ វៀតណាម វេលា​ម៉ោង​៥ល្ងាច​ ដណ្តើម​មេដាយ​សំរឹទ្ធិ ហើយ​កម្ពុជា ប៉ះ​ឥណ្ឌូណេស៊ី ម៉ោង​៧:៣០នាទី​យប់​ ដណ្តើម​មេដាយ​មាស៕

Share.