សិល្បៈជាតិ៖ ក្រោយចប់ការប្រកួតវិញ្ញាសារបាល់ទះផ្នែកបុរសនៅពហុកីឡដ្ឋានជាតិ យ៉ាងកក្រើកនាយប់មិញនេះ គេស្រាប់តែឃើញ តារាចម្រៀងរ៉េប G-Devith បង្ហោះសារចាត់ដោតដល់បេះដូងហ្វេន។

ក្នុងការអបអរដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា និងជាសារផ្ដាំផ្ញើដល់អ្នកគាំទ្រផង លោក ងួន ចាន់ដេវីត បានបង្ហោះសារនៅលើហ្វេសប៊ុកផ្លូវការលោកថា ៖

ដំរីជើងបួនគង់មាន​ភ្លាត់​ អ្នកប្រាជ្ញ​ចេះ​ស្ទាត់​គង់មានភ្លេច​ ។ ចេះឯងអោយក្រែងចេះគេ​ ។ ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក ។ អ្នកមានរក្សាខ្សត់​ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ​ ដូចសំពៅនូវសំប៉ាន។

ជូនពរអោយបងប្អូន កីឡាករ កីឡាការនី អត្តពលិក​ កម្ពុជា​ទទួលបានជោគជ័យក្នុងថ្ងៃនេះ​ ចូលកុំភ្លេចឥរិយាបទរបស់ពួកយើងចំពោះភ្ញៀវក្នុង​កាលៈទេសៈនេះយើងជាម្ចាស់ផ្ទះ ។ ជោគជ័យរបស់កម្ពុជាកំពុងត្រូវបានចារឹកក្នុងទំព័រប្រវត្តិសាស្រ្តថ្មីហើយ។

G-Devith

ចំពោះការលើកឡើងរបស់តារាចម្រៀង G-Devith ខាងលើនេះ ត្រូវបានមហាជនគ្រប់គ្នាយល់ឃើញថា ពិតជាមានអត្ថន័យល្អខ្លាំងណាស់ ក្នុងលើកទឹកចិត្តដល់កីឡាករកម្ពុជាគ្រប់រូប និងជាពិសេសចំពោះអ្នកគាំទ្រកម្ពុជា ក្នុងការរក្សាបាននូវឥរិយាបទល្អរបស់ខ្លួនចំពោះភ្ញៀវមកពីប្រទេសដៃក្នុងនាមយើងជាម្ចាស់ផ្ទះ។

សូមជម្រាបថា នៅរាត្រីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាទទួលបានមេដាយប្រាក់នៅវគ្គផ្ដាច់ព្រ័ត្រប៉ះជាមួយឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣សិតទល់ ០ ដែលនេះយើងអាចនិយាយបានថា គឺការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយជូនជាតិកម្ពុជា ដោយឆ្នាំកន្លងក្រុមជម្រើសជាតិមួយនេះបានឈ្នះមេដាយសំរិទ្ធក្នុងអំឡុងពេលប្រកួតនៅប្រទេសវៀតណាម៕

Share.