លោក ម៉ម សូណង់ដូ និងភរិយា

បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំដោយ លោក ម៉ម សូណង់ដូ ត្រូវបាន គ.ជ.ប ចេញផ្សាយជាផ្លូវការ បន្ទាប់ពីបានសម្រេចទទួលស្គាល់ការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជននៃគណបក្សមួយនេះ។

ជាការកត់តត់សម្គាល់ លោក ម៉ម សំណង់ដូ អាយុជាង៨០ឆ្នាំ បានឈរឈ្មោះលំដាប់លេខរៀងទី១ នៅមណ្ឌលខេត្តកំពង់ចាម ខណៈភរិយារបស់លោកគឺលោកស្រី ឌិន សុផាណារ៉ា ដែលមានអាយុប្អូនលោកជិត២០ឆ្នាំនោះ បានឈរលំដាប់លេខរៀងទី២។

អ្នក​ស្រី ឌិន ផាណារ៉ា

ជាការកត់សម្គាល់ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង២៥ គណបក្សលោក ម៉ម សូណង់ដូ បានដាក់បេក្ខជនឈរឈ្មោះ៦មណ្ឌល រួមមានមណ្ឌលបាត់ដំបង មណ្ឌលកំពង់ចាម មណ្ឌលកណ្ដាល មណ្ឌលរាជធានីភ្នំពេញ មណ្ឌលព្រៃវែង និងមណ្ឌលស្វាយរៀង។

លោក ម៉ម សូណង់ដូ កើត​នៅ​ឆ្នាំ​១៩៤២ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​កូន​ប្រុស​អតីត​ចៅហ្វាយ​ស្រុក​មួយ​រូប។ មហាជនមួយចំនួន ពិសេសពលរដ្ឋវ័យចំណាស់ ចាប់ផ្ដើមស្គាល់ លោក តាម​រយៈ​ការ​ផ្សាយ​សំឡេង​នៃ​រលក​វិទ្យុ​សំបុក​ឃ្មុំ។

កាលពីជាង១០ឆ្នាំមុន លោក ម៉ម សូណង់ដូ ត្រូវបានអ្នកតាមដាន និងអ្នកសារព័ត៌មានដាក់រហស្សនាមថា«បុរសជាប់គុកមិនស្វាង» ដោយសារតែឧស្សាហ៍ត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ និងត្រូវផ្ដន្ទាទោស ក្នុងនោះក៏មានបទល្មើសអប្បគមន៍ផងដែរ។

ខ្សែជីវិតអ្នកនយោបាយ ពិតជាមិនខុសពីពាក្យបុរាណពោលថា«ងាប់ ជាប់គុក រត់ចោល ស្រុកឡើងធំ»នោះឡើយ។ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោកក៏មានវាសនាឡើងជាទេសរដ្ឋមន្រ្តី បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់ក្នុងរដ្ឋសភា៕

Share.