ឯកឧត្តម ថូរ ម៉ាតាន់ រួក នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជួយជ្រោមជ្រែងកិច្ចយ៉ាងច្រើនឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១។ ការថ្លែងរបស់ប្រមុខដឹកនាំទីម័រខាងកើតបានធ្វើឡើងនាឱកាសជួបពិភាក្សាការងារជាមួយសម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្រ្តជាមួយមេដឹកនាំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។

បើតាមខ្លឹមសារបង្ហោះផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចតេជោ នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងជំនួបប្រកបដោយមនោសញ្ចេតនានោះ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រខាងកើត បានជំរាបសម្តេចត្រង់ៗថាវត្តមានទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ មិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន បានឡើយ។

«ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន»។ នេះបើតាមខ្លឹមសារចេញផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចតេជោ។

កម្ពុជាបានប្រកាន់ជំហរគាំទ្រ និងជួយជ្រោមជ្រែងទីម័រខាងកើតឱ្យក្លាយជាសមាជិកទី១១នៃគ្រួសាអាស៊ាន ហើយជំហរនេះកាន់តែសកម្ម និងខ្លាំងក្លាថែមទៀតបន្ទាប់ពីកម្ពុជាត្រូវដល់វេនធ្វើជាប្រធានអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បានបើកទំព័រប្រវត្តិសាស្រ្តីទាំងសម្រាប់អាស៊ាន និងប្រជាជនទីម័រ ពោលគឺអាស៊ានសម្រេចជាគោលការណ៍ ទទួលទីម័រជាសមាជិក។

សូមបញ្ជាក់ថានាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃអាស៊ាន៕

Share.