សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី វៀតណាមនៅក្រៅកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រាប់ទៅកាន់សមភាគីនៃប្រទេសក្បែរខាងមួយនេះនូវគម្រោងទិញអគ្គិសនីពីប្រទេសឡាវចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។

ទំព័រហ្វេសប៊ុកសម្ដេចតេជោ បានចេញផ្សាយឱ្យដឹងថាក្នុងជំនួបនោះ សម្ដេចបន្តថា «ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះជោគជ័យក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី»។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ជួយសម្របសម្រួលឱ្យទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។ តបនឹងសំណើរនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា ឯកឧត្តមបានទទួលព័ត៌មាននេះ ហើយនឹងបញ្ជូឲ្យក្រុមការងារជំនាញពិនិត្យ។

យ៉ាងណាក៏ដោយ ខ្លឹមសារនៃជំនួបដែលត្រូវបានចេញផ្សាយ មិនទាន់មានការបញ្ជាក់លម្អិតបន្ថែមអំពីគម្រោងដ៏មហិមារនេះនៅឡើយទេ ជាពិសេសអំពីគម្រោងទឹកប្រាក់វិនិយោគ និងអំពីអត្តសញ្ញាណក្រុមហ៊ុនដែលវិនិយោគគម្រោងនេះនៅឡើយទេ៕

Share.