នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ មានសិក្ខាកាម៣៧៩នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ។ នេះបើតាមរបាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

បើតាមឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្របតាមនិយាមបច្ចេកទេសនៃការបណ្ដុះបណ្ដាលកងកម្លាំង និងស្តង់ដារគុណភាពដែលបានកំណត់ ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នរគរបាលជាតិឱ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមឱ្យដឹងថាវគ្គបណ្ដុះនេះមានទាំងជំនាញរឹង និងទន់ ក្នុងនោះជំនាញរឹង សំដៅលើជំនាញវិជ្ជាជីវៈនគរបាលដែលត្រូវសិក្សាមុខវិជ្ជា និងមេរៀនសំខាន់ៗដូចជា វិធីសាស្រ្តដឹកនាំបញ្ជាកងកម្លាំង វិធីសាស្រ្តប្រមូលព័ត៌មាន វិធីសាស្រ្តសេនាធិការ ការកសាងនឹងប្រើបណ្ដាញសំងាត់ ការតស៊ូករណី ការស៊ើបអង្កេតរបស់មន្រ្តីនគរបាលយុត្តិធម៌ ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ នីតិវិធីព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌពិសេសជាដើម។

ឯកឧត្តមបន្តថា ក្រៅពីនេះក៏បានបញ្ចូលមុខវិជ្ជាវិធីសាស្ត្រដឹកនាំកិច្ចប្រជុំ វិធីសាស្រ្តសរសេរសុន្ទរកថា សិល្បៈនៃការថ្លែងជាសាធារណៈ ការរៀបចំផែនការ ការងារដ្ឋបាល ការយល់ដឹងអំពីចលនាបដិវត្តន៍ពណ៌ និងការងារពិធីការ ខណៈការបណ្ដុះបណ្ដាលជំនាញទន់សំដៅលើការអប់រំឱ្យមានអត្តចរិតល្អ ការគោរពវិន័យការងារ ការគោរពច្បាប់ គោរពគោលការណ៍ឋានានុក្រមទាំងក្នុងក្របខណ្ឌអង្គភាព និងក្រៅអង្គភាព ការដោះស្រាយបញ្ហាប្រឈម និងការយល់ធ្យាស្រ័យគ្នាជាដើម។

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន និងអង្គភាពនានា មានសរុបចំនួន៤១៥នាក់ នារី៤០នាក់ ក្នុងនោះវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាលកម្រិត១មានសិក្ខាកាមមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋានដល់ថ្នាក់អគ្គនាយករង និងឋានៈស្មើអគ្គនាយកចំនួន២២នាក់ និងវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាលកម្រិត២មានសិក្ខាកាមមានមុខតំណែងអធិការរង អធិការនគរបាលខណ្ឌ ស្រុក នាយ នាយរងការិយាល័យ ស្នងការរងនគរបាលរាជធានីខេត្ត និងអនុប្រធាននាយករដ្ឋានអង្គភាពចំនួន៣៩៣នាក់។

របាយការណ៍ឯកឧត្តម សេង ផល្លី បានឱ្យដឹងទៀតថា ក្នុងចំណោមសិក្ខាកាមជ័យលាភី មាននិទ្ទេសល្អប្រសើរចំនួន៥៦នាក់ ល្អណាស់១៩០នាក់ ល្អចំនួន១១៩នាក់ ល្អបង្គួរចំនួន៩នាក់ និងនិទ្ទេសមធ្យមចំនួន១៥នាក់ ខណៈសិក្ខាកាម៣៦នាក់ទៀតត្រូវបានលុបឈ្មោះចេញពីការសិក្សា ដោយសារស្នើសុំលើកពេលសិក្សា និងមិនមកបង្ហាញមុខ និងថាបណ្ឌិត្យសភានគរបាលកម្ពុជាក៏បានធ្វើមូលវិចារលើលក្ខណៈសម្បត្តិ និងលទ្ធផលនៃការសិក្សារបស់សិក្ខាកាមម្នាក់ៗដាច់ដោយឡែកពីគ្នាដើម្បីគោរពផ្ញើជូនសម្ដេចក្រឡាហោម អង្គភាពសាមី និងនាយករដ្ឋានបុគ្គលិកផងដែរ។

គួរកត់តម្គាល់ថាទោះបីជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកក៏ដោយ ក៏ក្រសួងមហាផ្ទៃ នៅតែខិតខំបន្តនិរន្តរភាពនៃការបណ្តុះបណ្តាលកងកម្លាំង នគរបាលជាតិជាប់ជាប្រចាំ ពីព្រោះការអប់រំបណ្ដុះបណ្តាល គឺជាការងារសំខាន់ដែលមិន អាចផ្អាកបាននោះទេ ជាក់ស្តែង ក្រសួងបានចាត់បញ្ចូនថ្នាក់ដឹកនគរបាលគ្រប់កម្រិត ដែលមិនទាន់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាល ឱ្យមកទទួលការបណ្តុះបណ្តាលបានចំនួន៦៨២នាក់រួចហើយ ខណៈអ្នកសេសសល់ ចំនួនជាង៨០០នាក់ទៀត ក៏ត្រូវបញ្ជូនមកធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម ស ខេង ក៏បានទាញចំណាប់អារម្មណ៍អំពីសម័យកាលនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការប្រែប្រួលឥត ឈប់ឈរនៃសភាពការណ៍សន្តិសុខជាតិនិងអន្តរជាតិ ការលេចឡើងនូវប្រភេទបទល្មើស ថ្មីៗ បទល្មើសមិនប្រពៃណី បទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងចរន្តសកលភាវូបនីយកម្ម និងវិបត្តិសង្គ្រាមដែលកំពុងកើតមានឡើងនៅបណ្ដាប្រទេសមួយចំនួន ដែលជាកត្តាសំខាន់ៗជំរុញឱ្យកងកម្លាំងនគរបាលជាតិ ត្រូវតែបន្តការបណ្តុះបណ្តាល ពង្រឹង សមត្ថភាពជាប់ជាប្រចាំ ដើម្បីធ្វើទំនើបកម្មនៃចំណេះដឹងនិងជំនាញវិជ្ជាជីវៈឱ្យសមស្រប នឹងបរិបទថ្មីនេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានផ្ដល់នូវអនុសាសន៍ ឱ្យបណ្ឌិត្យសភាត្រូវបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការដែលបានកំណត់ និងប្រកាន់ខ្ជាប់«វប្បធម៌គុណភាព»ដើម្បីលើកកម្ពស់សមត្ថភាពនិងសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុង ការបំពេញភារកិច្ច ទទួលខុសត្រូវបានល្អប្រសើរ។ ជាមួយគ្នានេះ ត្រូវបន្តយក ចិត្តទុកដាក់បន្ថែមទៀតលើគុណភាពបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសរត់ពន្ធមនុស្ស និងបទល្មើពាក់ព័ន្ធហិរញ្ញប្បទាន ភេរវកម្មជាដើម។

សម្ដេចបានណែនាំ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បណ្ឌិត្យសភានគរបាលកម្ពុជា និងនាយកដ្ឋាន បុគ្គលិក ត្រូវបន្តសហការចាត់បញ្ជូនមន្ត្រីនិងថ្នាក់ដឹកនាំនគរបាលគ្រប់កម្រិត ដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាល មកធ្វើការសិក្សាក្នុងវគ្គបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០២៣នេះ ហើយសិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាន ពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពរបស់ខ្លួន និងប្រជាពលរដ្ឋក្នុងសង្គម ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតី ទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងត្រូវមានអាកប្បកិរិយា ល្អទាំងក្នុងអង្គភាព និងការរស់នៅក្នុងសង្គម៕

Share.