ពីវេទិកាអធីបតីនៃពិធីបិទវគ្គបណ្ដុះបណ្ដាថ្នាក់ដឹកនាំនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបង្ហើបអំពីការសន្និដ្ឋានជាបឋមថាដំណើរការជ្រើសរើសមន្រ្តីនគរបាលឃុំចេញពីកូនចៅប្រជាពលរដ្ឋក្នុងឃុំនោះផ្ទាល់ចាប់ផ្ដើមមានភាពមិនប្រក្រតី។ ការសន្និដ្ឋាននេះ បន្ទាប់ពីសម្ដេចបានទទួលពាក្យបណ្ដឹងពីមន្រ្តីនគរបាលជាតិម្នាក់នៅក្នុងខេត្តមួយដែលបានប្ដឹងមកសម្ដេចក្នុងន័យដើមដែលសម្ដេចបង្ហើបក្នុងបំណងរក្សាការសំងាត់ខ្លះថា«ខ្ញុំនៅឃុំនេះនៃស្រុកនេះសោះ ម្ដេចឱ្យខ្ញុំទៅធ្វើការនៅឃុំនោះនៃស្រុកនោះវិញ?»។

បើតាមសម្ដេចក្រឡាហោម ស ខេង ទន្ទឹមនឹងការទទួលបានបណ្ដឹងជាលាយល័ក្ខណ៍អក្សរខាងលើនេះ សម្ដេចក៏ទទួលបានព័ត៌មានច្បាស់ការណ៍មួយថាមានស្នងការខេត្តខ្ ក៏លះបានរៀបចំមនុស្សចេញពីកន្លែងផ្សេងៗឱ្យចុះទៅយកក្របខណ្ឌនៅមូលដ្ឋានឃុំ ទាំងដែលធាតុពិតសម្ដេចណែនាំឱ្យរៀបចំជ្រើសរើសចេញពីកូនចៅពលរដ្ឋនៅក្នុងមូលដ្ឋាននោះផ្ទាល់។ សម្ដេចព្រមានថា«ខ្ញុំថាបើរកឃើញរឿងហ្នឹងពិតប្រាកដមែន ស្នងការនគរបាលត្រូវទទួលខុសត្រូវមុនគេ ហើយបើជាការល្អសូមដកខ្លួន លាលែងពីតំណែង កុំឱ្យបណ្ដេញ បើដេញគឺអស់ស័ក្ដិតែម្ដង»។

ភ្ជាប់នឹងការព្រមានធ្ងន់ៗនេះ​ សម្ដេចក្រឡាហោម បានផ្ដល់ការពន្យល់បន្ថែមថាគោលបំណងនៃការជ្រើសរើសមន្រ្តីចេញពីឃុំនោះផ្ទាល់ ដ្បិតបទពសោធកន្លងមកបង្ហាញថាមន្រ្តីដែលមានស្រុកឆ្ងាយពីកន្លែងធ្វើការ ឬឆ្ងាយពីប្រពន្ធកូន មិននៅធ្វើការក្នុងប៉ុស្តិ៍នគរបាលនោះបានយូរឡើយ។ សម្ដេចបានសម្ដែងការហួសចិត្តជាថ្មីទៀត បន្ទាប់ពីទទួលបានព័ត៌មានថាបែរជាមានស្នងការខ្លះមិនគោរពគោលការណ៍នេះ ហើយប្រែធាតុតាមរបៀបត្រីងៀតឆ្លៀតពងរហូតសម្ដេចទ្រាំមិនបានក៏ដេញទាន់ជាន់កែង។

សម្ដេចបានគូសបញ្ជាក់ថា«យើងឱ្យតែចំនួនទេ មួយឃុំបានប៉ុន្មាននាក់ បន្ទាប់ពីជ្រើសរើសហើយត្រូវរៀបចំប្រវត្តិរូបផ្ញើមករដ្ឋមន្រ្តីស៊ីញ៉េទទួលឱ្យមករៀនសូត្រ បន្ទាប់មកទើបស៊ីញ៉េតាំងស៊ុបជានគរបាល»។ បើតាមសម្ដេច ទោះបីជាចុងក្រោយ មន្រ្តីនោះមានបំណងចង់ចេញទៅកន្លែងផ្សេង អាចជាកន្លែងដែលគេនិយមថាកន្លែងខ្លាញ់ ឬហេតុផលណាក៏ដោយ ក៏ការផ្ទេរនោះត្រូវឆ្លងកាត់ហត្ថលេខាសម្ដេចសិនដែរ។ សម្ដេចបានថ្លែងទាំងហួសចិត្តទៀតថា«និយាយជាមួយគ្នាច្រើនដងហើយ តែដូចលេងបិទពួនអ៊ីចឹង ថាអ៊ីចេះ ចេញអ៊ីចុះ ថាអ៊ីចុះ ចេញអ៊ីចេះ ទេម៉េចក៏ល្បិចមិនចេះស្វាងអ៊ីចេះ»។

គួររម្លឹកថាក្នុងពិធីសំណេះសំណាលជាមួយសិស្សនគរបាលសាលាភូមិភាគ៥ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា« ការជ្រើសរើសមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំ សង្កាត់ ដោយការសម្ភាសន៍វាមានប្រយោជន៍ និងប្រសិទ្ធភាពជាងប្រឡង នៅត្រង់ថាជ្រើសរើសបានមន្រ្តីធ្វើការនៅឃុំកំណើតតែម្ដង។​ ខ្ញុំណែនាំថាមិនបាច់ប្រឡងទេ ប៉ុន្តែសម្ភាសន៍ ហើយអ្នកទទួលបន្ទុកសម្ភាសន៍នោះជានរណា? គឺមេឃុំ និងមេប៉ុស្តិ៍តាមកម្រងសំណួរដែលនាយកដ្ឋានបុគ្គលិករៀបចំឱ្យ។ ឧបមាថាឃុំអន្លង់វិល ឬកំពង់ព្រាង ឬកំពង់ព្រះ បានក្របខណ្ឌថែមឱ្យ២នាក់ គឺមិនទៅប្រឡងទេ ព្រោះបើប្រឡងនៅឯណាណោះ​ ក៏មិនដឹងអ្នកជាប់នោះជានរណា»។

សៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានស្រង់ប្រសាសន៍សម្ដេច បន្ថែមក្នុងន័យដើមថា«អ៊ីចឹងជ្រើសរើសកូនចៅក្នុងឃុំហ្នឹងតែម្ដងមនុស្ស២នាក់ដែលគេឱ្យហ្នឹង។ ប៉ុន្តែយើងក៏តម្រែតម្រង់ដែរ ចៀសវាងមិនតម្លាភាព ចៀសវាងជ្រើសរើសតែកូនចៅឯងឬក្មួយឯងដែលអាហ្នឹងនាំរឿង។ ប៉ុន្តែនិយាយបែបហ្នឹង ក៏មិនបានសេចក្ដីថាមិនឱ្យសម្ភាសន៍ ឬក៏ជ្រើសរើសនោះដែរ សំខាន់គឺមានលក្ខណៈសម្បត្តិ និងមាន​សមត្ថភាព។ ម្ដាយឪពុក ឬប្រពន្ធកូន ផ្ទះសម្បែងនៅហ្នឹង អ៊ីចឹងស្រួលធ្វើការ ព្រឹកល្ងាចអើតឈ្ងោក​ ក្ដាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តពលរដ្ឋក្នុងឃុំគាត់ស្រាប់។ អ៊ីចឹងរើសអ្នកមានមានសមត្ថភាពជាកូនចៅពលរដ្ឋក្នុងឃុំហ្នឹងស្រាប់គឺល្អ រួចហើយចាំយើងយកគាត់ទៅបណ្ដុះបណ្ដាលមុនឱ្យចូលធ្វើការ»៕

Share.