ប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា របបយោធាដែលកំពុងកាន់អំណាចនៅប្រទេស មីយ៉ាន់ម៉ា មិនមានការរីកចម្រើនណាមួយគួរឱ្យកត់សម្គាល់លើការអនុវត្តផែនការសន្តិភាព ដែលបានព្រមព្រៀងជាមួយអាស៊ានកាលពី ២ឆ្នាំមុនទេ ដូច្នេះប្លុកនៃសមាជិកអាស៊ាន ត្រូវតែបង្ហាញពីការរួបរួមសាមគ្គីក្នុងការសម្រេចចិត្តពីរបៀបដោះស្រាយវិបត្តិដែលកំពុងកើនឡើងដោយរបៀបណា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែឧសភា ឆ្នាំ ២០២៣។

លោក Joko Widodo ដែលកំពុងកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំនេះ បាននិយាយនៅថ្ងៃទី២ នៃកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីក្រុង Labuan Bajo ដែលជាកន្លែង «ការឯកភាពផែនការសន្ដិភាព៥ចំណុច» ឬ «5PC» សម្រាប់​ផែនការ​សន្តិភាព​មីយ៉ាន់ម៉ា​ ដែលជារបៀបវារៈសំខាន់នៅក្នុងកិច្ចពិភាក្សានេះ។

លោក Joko Widodo បាននិយាយថា «ខ្ញុំសូមនិយាយដោយស្មោះត្រង់។ ការអនុវត្តនៃផែនការសន្ដិភាព ៥ចំណុច មិនទាន់មានការរីកចម្រើននោះទេ ដូច្នេះ​អាស៊ានត្រូវការ​រួបរួម​សាមគ្គីគ្នា ដើម្បីសម្រេច​ចិត្ត​លើ​ជំហាន​បន្ទាប់»។

ប្រធានាធិបតីឥណ្ឌូនេស៊ី បានអំពាវនាវដល់ក្រុមសមាជិកទាំង១០ ដែលមីយ៉ាន់ម៉ាជាសមាជិក ដើម្បីរៀបចំផែនការឆ្ពោះទៅមុខដើម្បីកាត់បន្ថយអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយម្ចាស់រង្វាន់ណូបែលសន្តិភាពលោកស្រី Aung San Suu Kyi ក្នុងឆ្នាំ២០២១។

ការធ្វើរដ្ឋប្រហារ​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​យ៉ាងច្រើនកុះករ ដោយយោធាបាន​ប្រយុទ្ធតតាំង និង ចាប់ខ្លួនក្រុមបាតុករជាបន្ដបន្ទាប់។ ចាប់តាំងពីពេលនោះមក របបយោធាបានប្រយុទ្ធជាមួយក្រុមបះបោរជនជាតិភាគតិច ដែលស្វែងរកការប្តេជ្ញាចិត្តដោយខ្លួនឯង និង ជាសម្ព័ន្ធមិត្តដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។

អាស៊ាន កាលពីខែមុន បានថ្កោលទោសយោធាចំពោះការវាយប្រហារតាមអាកាសចុងក្រោយបំផុត និង សម្លាប់មនុស្សច្រើនបំផុតដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ ខណៈរបបយោធាបាននិយាយថា «ខ្លួនកំពុងប្រយុទ្ធជាមួយ ក្រុមភេរវករ»។

យ៉ាងណាម៉ិញ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានប្រាប់សារព័ត៌មាន រ៉យទ័រ នៅក្រៅកិច្ចប្រជុំកំពូល ថា ផែនការសន្ដិភាព ៥ចំណុច មានដូចជា៖ ពាក់ព័ន្ធនឹងការបញ្ចប់អំពើហិង្សា ការទទួលបានការសម្របសម្រួលពេញលេញដល់កិច្ចការមនុស្សធម៌ និង ការសន្ទនាជាមួយគ្រប់ភាគីទាំងអស់ នឹងបន្ដបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ជជែកជាមួយរបបយោធា។

លោក​បាន​បន្ត​ថា​៖ «​ពី​ខាង​អាស៊ាន​មាន​បំណង​ចង់​ជួយ​មីយ៉ាន់ម៉ា​ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ​» ដោយបន្ថែម​ថា​៖ «​ទីក្រុង​រ៉ូម ​មិនមែនបាន​សាងសង់​ពេញ​មួយ​យប់រួចរាល់នោះ​ទេ​​។ អ្វីដែលយើងគួរតែធ្វើ គឺ ដើម្បីធានាថា អំពើហិង្សា ត្រូវបានលុបបំបាត់ឲ្យឆាប់តាមដែលអាចធ្វើទៅបាន»។

សូមជម្រាបថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ប្រទេស​ឥណ្ឌូណេស៊ី​បាន​ពិភាក្សា​ជាមួយ​ភាគី​ទាំង​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​កិច្ចចរចា​ដំណើរការ​ទៅ​មុខដោយជោគជ័យ៕

ប្រភព៖ CNA

Share.